ពិធីសម្ពោធជាផ្លូវការកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២»

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ អេ អឹម ខេ​ មានកិត្តិយសដែលបានចូលរួមក្នុងពិធីសម្ពោធជាផ្លូវការកម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី២» នៅអគារ The Kampus ដែលរៀបចំឡើងដោយក្រុមហ៊ុន Apsara Media Services (AMS) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា (ABC) និងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (​CBC) ក្រោមកិច្ចគាំទ្រពីធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបានបើកសម្ពោធដាក់ដំណើរការជាផ្លូវការក្រោមការចូលរួមគាំទ្រ អបអរសាទរពីសំណាក់មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងបណ្តាម្ចាស់អាជីវកម្ម និងសិស្ស-និស្សិតសរុបប្រមាណ ៣០០នាក់។

កម្មវិធី «វិថីហិរញ្ញវត្ថុ» ជាកម្មវិធីឌីជីថលដែលធ្វើឡើងដើម្បីផ្សព្វផ្សាយ និងលើកក​ម្ពស់ចំណេះដឹងហិរញ្ញវត្ថុទៅដល់សាធារណជនទូទៅ ដូចជា ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការវិនិយោគ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចីឱ្យបានត្រឹមត្រូវដើម្បីភាពរីកចម្រើនជាដើម។​ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាបំណិនជីវិតដ៏មានសារៈសំខាន់មិនអាចកាត់ផ្តាច់បាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជួយឱ្យយើងគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុបានត្រឹមត្រូវ​ប្រកបដោយប្រសិទ្ធភាព ជាពិសេសអាចជៀសវាងការ​ជាប់បំណុលច្រើនលើសលប់។

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។