ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “ថ្នាលហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្ម អេ អឹម ខេ”
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី និង ក្រុមហ៊ុន BanhJi បានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ “ថ្នាលហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្ម អេ អឹម ខេ” នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ភីអិលស៊ី លោកស៊ឹម ចាន់គិរីរ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Banhji រួមជាមួយថ្នាក់ដឹងនាំ និងម្ចាស់អាជីវកម្មជាច្រើនទៀត។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប បានចាប់ដៃគូសហការជាមួយ ក្រុមហ៊ុន BanhJi គឺជាក្រុមហ៊ុន ដែលផ្តល់កម្មវិធីគណនេយ្យ ដល់សហគ្រាសខ្នាតតូច និងមធ្យម (MSME) បានសម្ពោធដាក់ឲ្យប្រើប្រាស់ ថ្នាលហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្ម អេ អឹម ខេ ដែលជាថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមួយជួយសម្រួលដល់ម្ចាស់អាជីវកម្មក្នុងការទទួលហិរញ្ញប្បទាន ដើម្បីពង្រីក ឬធ្វើឲ្យអាជីវកម្មកាន់តែប្រសើរឡើង។ តាមរយៈថ្នាលហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្មនេះ ម្ចាស់អាជីវកម្មអាចទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានកានតែលឿនជាងមុន។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលតែងតែចាប់ដៃគូជាមួយក្រុមហ៊ុនជាតិ និងអន្ដរជាតិក្នុងការបង្កើតនូវសេវាកម្មថ្មីៗ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជន។ ហើយ អេ អឹម ខេ នឹងនៅតែបន្ដខិតខំប្រឹងប្រែង ផ្ដល់ផលប្រយោជន៍ដ៏ល្អបំផុតរបស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដល់អតិថិជន។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារជាង ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។
អំពី BanhJi
ក្រុមហ៊ុន BanhJi FinTech Co., Ltd ជាក្រុមហ៊ុនបរិយាបន្នបច្ចេកវិទ្យាហិរញ្ញវត្ថុដំបូងគេនៅប្រទេសកម្ពុជាដែលផ្តល់ដំណោះស្រាយបែបឌីជីថលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់សហគ្រាសធុនតូច និងមធ្យម ប្រកបដោយអនុលោម ព្រមទាំងអាចភ្ជាប់ស៊ីជម្រៅទៅនឹងប្រព័ន្ធសេវាហិរញ្ញវត្ថុឌីជីថលរបស់ធនាគារ ដើម្បីជួយសហគ្រាសឲ្យធ្វើការសម្រេចចិត្តបានត្រឹមត្រូវ និងអាចទទួលបានហិរញ្ញប្បទានដែលមានលក្ខណៈនវានិវត្តន៍ពីស្ថាប័នហិរញ្ញវត្ថុ។ បច្ចុប្បន្ននេះ ផលិតផលដែលក្រុមហ៊ុន BanhJi FinTech Co., Ltd កំពុងផ្តល់ជូនអតិថិជន រួមមានដូចជា ប្រព័ន្ធគណនេយ្យឌីជីថល, ថ្នាលហិរញ្ញវត្ថុសម្រាប់សហគមន៍កសិកម្ម និងថ្នាលហិរញ្ញប្បទានឌីជីថល។