ពិធីប្រគល់សម្ភារៈសិក្សា គ្រឿងបរិក្ខារ និងដាំដើមឈើនៅសាលាបឋមសិក្សាអណ្តូងតាមែង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធ «ពិធីប្រគល់ សម្ភារៈសិក្សា គ្រឿងបរិក្ខារ និងដាំដើមឈើ» នៅសាលាបឋមសិក្សាអណ្តូងតាមែង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក៏ដូចជាថ្នាក់គ្រប់គ្រង បុគ្គលិក អាជ្ញាធរមូលដ្ឋាន និងមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។ សាលាបឋមសិក្សាអណ្តូងតាមែង ស្ថិតនៅភូមិដាច់ស្រយាលក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលមានសិស្សានុសិស្សកំពុងរៀន ៦៨នាក់ (ស្រី ៤០នាក់ និងប្រុស ២៨នាក់) និងលោកគ្រូ-អ្នកគ្រូ ៦នាក់ ដែលកំពុងបង្រៀនសិស្សចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៦។ ស្របតាមបេសកកម្មលើទំនួលខុសត្រូវសង្គមរបស់ អេ អឹម ខេ យើងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងសកម្មភាពសង្គមលើវិស័យផ្សេងៗ គ្នា ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។
ដូចនេះ ក្នុងពិធីសប្បុរសធម៌នេះ អេ អឹម ខេ បានប្រគល់សម្ភារៈជូនដល់សិស្សានុសិស្សដែលកំពុងជួបបញ្ហាខ្វះខាតរួមមាន៖
- សម្ភារៈសិក្សាប្រមាណ ៧០ឈុត
- សៀវភៅសិក្សាជាង ៥០០ក្បាល
- សៀវភៅសម្រាប់ដាក់ក្នុងបណ្ណាល័យ
- ឯកសណ្ឋានសិស្ស ៧០ឈុត
- សម្លៀកបំពាក់កីឡា ៧០ឈុត
- ដបទឹក ៧០ឈុត
- ដើមឈើ ជាង ១០០ដើម
- សម្ភារៈកីឡា
- និងគ្រឿងបរិក្ខារផ្សេងៗ សម្រាប់ផ្គត់ផ្គង់សាលារៀនទាំងមូល
ជាមួយគ្នានេះដែរ បុគ្គលិក អេ អឹម ខេ បានបរិច្ចាគសម្លៀកបំពាក់សមរម្យ ជាង …សម្រាប់ ជូនទៅដល់កុមារាកុមារីផងដែរ ព្រមទាំងមានជាការចែករំលែកចំណេះដឹងលើតំហែទាំសុខភាពមាត់ធ្មេញជូនដល់សិស្សានុសិស្សពីមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដើម្បីជាបំណិនបន្ថែមក្នុងការថែរក្សាសុខភាពមាត់ធ្មេញ។ លើសពីនេះ ក្នុងពិធីសប្បុរសធម៌នេះ យើងមានសកម្មភាពផ្សេងៗ ដូចជា ពិធីដាំដើមឈើក្នុងបរិវេណសាលា ពិធីសម្តែងបទកំណាព្យ-បទចម្រៀងពីកុមារកុមារី និងពិធីទទួលទានអាហារថ្ងៃត្រង់សាមគ្គីចម្អិនដោយ Benly Cooking ដែលមានវត្តមានសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ អាជ្ញាធរ ថ្នាក់គ្រប់គ្រង និងបុគ្គលិក អេ អឹម ខេ ទាំងអស់បានចូលរួម។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «សម្រាប់ អេ អឹម ខេ យើងមានការតាំងចិត្ត និងឆន្ទៈ ក្នុងការចូលរួមដោះស្រាយកង្វះខាតក្នុងសង្គម និងសហគមន៍ប្រកបដោយភាពវិជ្ជមាន ទាំងវិស័យអប់រំ ឬវិស័យសុខាភិបាល ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ យើងប្តេជ្ញាចិត្តយ៉ាងមុតមាំថា យើងនៅតែបន្តគាំទ្រយ៉ាងសកម្មក្នុងការចូលរួមសកម្មភាពសង្គមសម្រាប់សហគមន៍ និងប្រទេសកម្ពុជាទាំងមូល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុក្នុងការកសាងអ្នកដឹកនាំគ្រប់ជំនាន់ប្រកបដោយគុណភាពខ្ពស់។»
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ អេ អឹម ខេ មិនត្រឹមតែជួយដល់វិស័យអប់រំប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមផ្សេងៗ រួមទាំងវិស័យសុខាភិបាល បរិស្ថាន និងសុវត្ថិភាពសាធារណៈផងដែរ។ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការ ១០០ភាគរយ នៃចំនួនស្រុកសរុបនៃប្រទេសកម្ពុជា ហើយយើងប្ដេជ្ញាចិត្តនឹងបង្កើនលទ្ធផលជាវិជ្ជមានដល់សហគមន៍ដែលយើងកំពុងប្រតិបត្តិការ។
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។