អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានប្រភពកើតចេញមកពីកម្មវិធីឥណទានខ្នាតតូច និងសន្សំរបស់អង្គការ ខុនស៊ើន វើលវ៉ាយ (Concern Worldwide) ដែលបានបង្កើតដំបូងក្នុងដើមឆ្នាំ ១៩៩០។ ក្នុងឆ្នាំ ២០០២ អង្គការ ខុនស៊ើន វើលវ៉ាយ បានសម្រេចចិត្តបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដាច់ដោយឡែកមួយ ស្ថិតក្រោមឈ្មោះថា អង្គរមីក្រូហិរញ្ញវត្ថុកម្ពុជា (AMK) ដែលបន្ទាប់មកត្រូវបានគេស្គាល់ និងបានចុះបញ្ជីពាណិជ្ជកម្មជា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី”។ ការផ្លាស់ប្តូរក្នុងឆ្នាំ ២០០២ នេះគឺស្របគ្នានឹងការប្រែប្រួលចំពោះច្បាប់ និងបទប្បញ្ញត្តិរបស់កម្ពុជាក្នុងការគ្រប់គ្រងវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាការវិវត្តក្នុងទីផ្សារវិស័យមីក្រូហិរញ្ញវត្ថុ។
ក្នុងខែកក្កដា ឆ្នាំ ២០០៣ គ្រឹះស្ថាន អេ អឹម ខេ បានចាប់ផ្តើមប្រតិបត្តិការដោយឯករាជ្យផ្តាច់ចេញពីអង្គការ ខុនស៊ើន ហើយបន្ទាប់មកក៏បានទទួលអាជ្ញាប័ណ្ណមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០០៤ ដើម្បីផ្តល់សេវាមីក្រូហិរញ្ញវត្ថុពាសពេញផ្ទៃប្រទេសកម្ពុជា។
មកដល់ត្រឹមឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ ទទួលបានប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួនដំបូង ហើយក៏ទទួលបានការអនុម័តទទួលថវិកាជាបំណុលពីខាងក្រៅជាលើកដំបូង និងបានបង្កើតឲ្យមានយន្តការគ្រប់គ្រងលទ្ធផលការងារសង្គម។ នៅក្នុងឆ្នាំបន្ទាប់ គ្រឹះស្ថាន អេ អឹម ខេ មានកំណើនយ៉ាងឆាប់រហ័សនៅក្នុងអាជីវកម្មស្នូលរបស់ខ្លួនដោយបានពង្រីកបណ្តាញសាខាទៅកាន់គ្រប់ខេត្តក្រុងនៅក្នុងប្រទេស។ គិតត្រឹមឆ្នាំ ២០០៩ គ្រឹះស្ថានបានប្រតិបត្តិការក្នុងគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ហើយបានក្លាយខ្លួនជាគ្រឹះស្ថាន ផ្តល់កម្ចីធំជាងគេបង្អស់នៅកម្ពុជា បើយើងគិតទៅលើចំនួនអតិថិជនប្រាក់កម្ចី។
ក្នុងឆ្នាំ ២០១០ គ្រឹះស្ថាន អេ អឹម ខេ បានចាប់ផ្តើមធ្វើការកែសម្រួលជាយុទ្ធសាស្ត្រ ពីអាជីវកម្មដែល ផ្តោតតែទៅលើការផ្តល់ឥណទាននៅតាមជនបទ ក្លាយទៅជាគ្រឹះស្ថានមួយដែលផ្តល់សេវាមីក្រូហិរញ្ញវត្ថុទូលំទូលាយជាងមុន។ យុទ្ធសាស្ត្រនេះ ព្រោះយើងចង់ឃើញ អេ អឹម ខេ ជាគ្រឹះស្ថានដែលផ្តល់នូវសេវាហិរញ្ញវត្ថុសម្បូរបែបជូនដល់ប្រជាជនក្រីក្រ ក៏ដូចជាបន្តជួយពួកគាត់កែលម្អជីវភាពរស់នៅរបស់ខ្លួន។
ដើម្បីសម្រេចគោលដៅនេះ ក្នុងឆ្នាំ ២០១០ គឺជាឆ្នាំដែលជោគជ័យមួយដោយ អេ អឹម ខេទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI)។
ក្នុងអំឡុងឆ្នាំ ២០១១ និង ២០១២ ជាមួយនឹងការអនុម័តយល់ព្រមពីធនាគារជាតិនៃកម្ពុជា គ្រឹះស្ថាន អេ អឹម ខេ បានចាប់ផ្តើមផ្តល់ជូននូវផលិតផលដាក់ប្រាក់បញ្ញើសន្សំទៅដល់គ្រួសារដែលមានចំណូលទាបតាមរយៈបណ្តាញភ្នាក់ងារ អេ អឹម ខេ។ សេវាកម្មនេះផ្តោតជាពិសេសលើគ្រួសារណាដែលពុំអាចមានលទ្ធភាពទទួលបានសេវាកម្មពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ។
ក្នុងឆ្នាំ ២០១១ គ្រឹះស្ថាន អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់នូវសេវាផ្ទេរប្រាក់ក្នុងស្រុករបស់ខ្លួននៅគ្រប់សាខា និងភ្នាក់ងារ ជាមួយកម្រៃសេវាដែលមានភាពប្រកួតប្រជែងនៅលើទីផ្សារ។
ក្នុងឆ្នាំ ២០១៣ អេ អឹម ខេ បានដាក់ដំណើរការម៉ាស៊ីន អេធីអឹម/ស៊ីឌីអឹម (ATMs/CDMs) នៅគ្រប់សាខារបស់ខ្លួន។
ក្នុងឆ្នាំ ២០១៤ អេ អឹម ខេ បានចាប់ផ្តើមផ្តល់នូវសេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់បុគ្គល (ដោយសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងឯកជនធំបំផុតនៅកម្ពុជា) ដែលភ្ជាប់ទៅនឹងអតិថិជនរបស់ខ្លួន ជាដំណាក់កាលសាកល្បង ដែលបន្ទាប់មកត្រូវបានពង្រីកសេវានេះទូទួទាំងប្រទេសក្នុងឆ្នាំ ២០១៥។ ជាង ៨០% នៃអតិថិជនរបស់ អេ អឹម ខេ បច្ចុប្បន្នទទួលបានសេវាធានារ៉ាប់រងនេះ និងប្រមាណ ២៥% បានទិញសេវាធានារ៉ាប់រងបន្ថែមសម្រាប់ស្វាមី/ភរិយា/ដៃគូរបស់ពួកគេ។ ក្នុងឆ្នាំដដែលនោះ គ្រឹះស្ថាន អេ អឹម ខេ បានចាប់ផ្តើមផ្តោតសំខាន់ទៅលើវិស័យឌីជីថលផងដែរ។ គម្រោងដំបូងនៅក្នុងអាជីវកម្មរបស់យើង គឺការផ្តល់កម្ចីតាមរយៈឌីជីថល។ អេ អឹម ខេ បានអភិវឌ្ឍប្រព័ន្ធកម្ចីតាមបែបឌីជីថលដោយខ្លួនឯង ដែលអាចឱ្យមន្ត្រីឥណទានធ្វើការងារផ្តល់កម្ចីនៅតាមភូមិជាមួយអតិថិជនរបស់ខ្លួនតាមរយៈតាបប្លេត (Tablet) ចល័ត។ បច្ចុប្បន្ន ប្រព័ន្ធនេះមិនត្រឹមតែផ្តល់នូវព័ត៌មានល្អប្រសើរជាងមុនប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យមន្ត្រីរបស់យើងងាយស្រួលក្នុងដំណើរការផ្តល់កម្ចីនៅក្នុង អេ អឹម ខេ ដែលប្រការនេះ អាចកាត់បន្ថយការចំណាយ និងឆ្លើយតបចំពោះសេចក្តីត្រូវការរបស់អតិថិជនប្រសើរជាងមុន។
ក្នុងឆ្នាំ ២០១៩/២០២០ អេ អឹម ខេ បានដាក់បញ្ចូលប្រព័ន្ធធនាគារស្នូលថ្នីរបស់ខ្លួន និងប្រព័ន្ធស្វីជ (SWITCH) ដែលអាចឱ្យ អេ អឹម ខេ អនុវត្តន៍ប្រពន្ធឌីជីថលរបស់ខ្លួនកាន់តែប្រសើរជាងមុន និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរដ៏ឆាប់រហ័សក្នុងទីផ្សារ។ ប្រព័ន្ធថ្មីនេះ បានដាក់ឱ្យដំណើរការនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ នៅគ្រប់សាខា និងតំបន់ប្រតិបត្តិការទាំងអស់របស់គ្រឹះស្ថាន។ ចាប់តាំងពីពេលនោះមក អេ អឹម ខេ បានដាក់ឲ្យដំណើរការផលិតផលឌីជីថលថ្មីៗមួយចំនួន ដូចជា៖ កម្មវិធីធនាគារចល័តរបស់ អេ អឹម ខេ, អេ អឹម ខេ ផេ (ការទូទាត់តាមរយៈលេខកូដឃ្យូអ), កម្មវិធីលើទូរស័ព្ទចល័ត ណែនាំអតិថិជន ដោយធ្វើសមាហរណកម្មជាមួយភាគីទីបី ដើម្បីធ្វើការសាកល្បងសំណើរសុំកម្ចីជាលក្ខណៈឌីជីថល ដោយប្រើប្រាស់ chatbot។ លើសពីនេះ អេ អឹម ខេ បានធ្វើសមាហរណកម្មយ៉ាងពេញលេញជាមួយប្រព័ន្ធបាគង (ដែលជាបច្ចេកវិទ្យាប្លុកឆេន អនុវត្តដោយធនាគារជាតិនៃកម្ពុជា ដែលអនុញ្ញាតឲ្យធនាគារផ្សេងៗដែលមានអាជ្ញាប័ណ្ណអាចប្រើប្រាស់បាន), កម្ពុជាស៊ែរ ស្វិច (Cambodia Share Switch), ការទូទាត់ប្រាក់រហ័ស, និងបានធ្វើសមាហរណកម្មជាមួយអ្នកទូទាត់ប្រាក់ជាង ៣០០ ទីតាំងនៅកម្ពុជា។ អេ អឹម ខេ បានដាក់ដំណើរការសេវាផ្ទេរប្រាក់ក្រៅប្រទេសដំបូងរបស់ខ្លួន ដោយមានលេខស្វីវ (Swift) និងដៃគូផ្សេងៗដូចជា ធនាគារ ខេ ប៊ី, អេ អឹម ឃ្យូ, ធូន (Thunes), យូញៀនផេ (Unionpay)។
តាមប្រវត្តិសាស្ត្ររបស់ខ្លួន គ្រឹះស្ថាន អេ អឹម ខេ បានធ្វើការប្តេជ្ញាចិត្តសម្រេចគោលដៅសង្គម ហើយក្របខណ្ឌគ្រប់គ្រងលទ្ធផលសង្គមបានគ្រប់ជ្រុងជ្រោយ ដើម្បីគ្រឹះស្ថាន អេ អឹម ខេ នៅតែបន្តផ្តោតសំខាន់លើបេសកម្មរបស់ខ្លួនក្នុងការជួយគាំទ្រដល់ប្រជាជនកម្ពុជាដែលមានចំណូលទាបជាច្រើននៅកម្ពុជា។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ អេ អឹម ខេ មានអតិថិជនសរុបជិត ១ លាននាក់ ជាមួយនឹងការិយាល័យប្រតិបត្តិការចំនួន ១៤៣ កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាធានារ៉ាប់រងខ្នាតតូច សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្សរ៍ សេវាបង់រំលស់ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។