អេ អឹម ខេ បានចែកផ្កា ១៦៨ទង ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់ ១៤ កុម្ភៈ

ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ – អេ អឹម ខេ បានរៀបចំកម្មវិធីចែកផ្កាចំនួន ១៦៨ទង ជូនដល់អតិថិជន និងអ្នកគាំទ្រ នៅមុខការិយាល័យកណ្តាល អេ អឹម ខេ ផ្លូវ ២៧១ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្នុងឱកាសទិវានៃក្តីស្រឡាញ់។

កម្មវិធីនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន និងអ្នកធ្វើដំណើរឆ្លងកាត់ ដែលបានចូលរួមទទួលយកផ្កាដ៏ស្រស់ស្អាត និងចែករំលែកស្នាមញញឹមដ៏កក់ក្តៅជាមួយក្រុមការងាររបស់ អេ អឹម ខេ។ ផ្កាដែលត្រូវបានចែកជូនជានិមិត្តរូបនៃក្តីស្រឡាញ់ សេចក្តីអំណរ និងការដឹងគុណ ដែល អេ អឹម ខេ ចង់ចែករំលែកដល់អ្នកទាំងអស់គ្នាជាពិសេសនៅក្នុងថ្ងៃដ៏ពិសេសនេះ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយដែលបានឃើញការចូលរួមយ៉ាងសកម្មពីសំណាក់អតិថិជន និងអ្នកគាំទ្ររបស់យើងក្នុងកម្មវិធីនេះ។ ទិវានៃក្តីស្រឡាញ់ គឺជាឱកាសដ៏ល្អដើម្បីបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ហើយយើងជឿជាក់ថា ការចែករំលែកក្តីស្រឡាញ់ គឺជាកត្តាសំខាន់ក្នុងការកសាងសង្គមមួយដែលរឹងមាំ និងសុខសាន្ត។»

នេះជាសកម្មភាពសង្គមមួយដែល អេ អឹម ខេ តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងគាំទ្រដល់សហគមន៍របស់កម្ពុជា។ ជាក់ស្តែង អេ អឹម ខេ បានផ្តួចផ្តើម និងកំពុងដំណើរការកម្មវិធីជួយសង្គមរបស់អាជីវករ មានឈ្មោះថា «ស្កេន AMK ដើម្បីកុមារកម្ពុជា» ដែលគ្រាន់តែអតិថិជនធ្វើការស្កេនទូទាត់ប្រាក់លើ AMK KHQR នៅតាមដៃគូអាជីវកម្ម AMK នោះ លោកអ្នកនឹងចូលរួមចំណែកបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ហើយ AMK នឹងបរិច្ចាគថវិកាជំនួសអ្នកចំនួន ១០០រៀល/ប្រតិបត្តិការ។

អេ អឹម ខេ សូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីនេះ និងសូមជូនពរឱ្យអ្នកទាំងអស់គ្នាតែងតែមានក្តីស្រឡាញ់ដ៏រីករាយ និងពោរពេញដោយក្តីស្រឡាញ់ជារៀងរហូត!

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។