អេ អឹម ខេ បរិច្ចាគថវិកា ៤០លានរៀល និងឈាមដល់មន្ទីរពេទ្យគន្ធបុប្ផា
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នាំយកថវិកាទទួលបានពីអតិថិជន និងបុគ្គលិក អេ អឹម ខេ ចំនួន ៤០លានរៀល ទៅបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីគាំទ្របន្តបេសកកម្មក្នុងការផ្ដល់ព្យាបាល និងថែទាំសុខភាពកុមារប្រកបដោយគុណភាព និងដោយឥតគិតថ្លៃ។ លើសពីការបរិច្ចាគជាសាច់ប្រាក់ ថ្នាក់ដឹងនាំ និងបុគ្គលិករបស់គ្រឹះស្ថាន ក៏បានរួមគ្នាបរិច្ចាគឈាម ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់មន្ទីរពេទ្យផងដែរ។
ទស្សនៈវិស័យរបស់មូលនិធិគន្ធបុប្ផា គឺដើម្បីធានានិរន្ដរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការពិនិត្យ ពិគ្រោះ និងព្យាបាលកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។ អេ អឹម ខេ ពិតជាមានមោទកភាពដែលបានគាំទ្រទស្សនៈវិស័យនេះ ដោយមានការចូលរួមដោយចិត្តសប្បុរសពីអតិថិជន និងបុគ្គលិកទូទាំងប្រទេសកម្ពុជា តាមរយៈការទទួលយកការបរិច្ចាគនៅលើកម្មវិធីធនាគារចល័ត AMK Mobile ភ្នាក់ងារ អេ អឹម ខេ និងសមាគមបុគ្គលិក អឹ អឹម ខេ។
លោក លូខាស ម៉ូរ៉ូ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានភាពរីករាយក្នុងនាមជាអ្នកតំណាងក្នុងការបរិច្ចាគនេះ។ តាងនាមឲ្យអតិថិជន និងបុគ្គលិក អេ អឹម ខេ ដែលបានចូលរួមបរិច្ចាគតាមរយៈមូលនិធិសប្បុរសធម៌របស់ អេ អឹម ខេ នៅលើកម្មវិធីធនាគារចល័ត AMK Mobile និងប្រព័ន្ធផ្សេងៗទៀតទូទាំងប្រទេសកម្ពុជា។ ទស្សនៈវិស័យរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជា ដែលប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ ហើយមូលនិធិរបស់ អេ អឹម ខេ បានយកឱកាសនេះ ដើម្បីគាំទ្រដល់គន្ធបុប្ផា។ យើងពិតជារីករាយដែលមិនត្រឹមតែចូលរួមបរិច្ចាគសាច់ប្រាក់ តែក៏បានបរិច្ចាគឈាម ដើម្បីចូលរួមផ្គត់ផ្គង់ឈាមសម្រាប់ជួយដល់អ្នកជម្ងឺ និងគាំទ្រដល់ការអំពាវនាវរបស់មន្ទីរពេទ្យគន្ធបុប្ផា <រួមគ្នាបរិច្ចាគឈាម ដើម្បីជួយជីវិតកុមារ>។”
គួរបញ្ជាក់ផងដែរថាមន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យដែលទទួលយកការពិគ្រោះ ពិនិត្យ និងព្យាបាលជម្ងឺដល់កុមាររាប់ពាន់នាក់ក្នុងមួយថ្ងៃៗ ដោយឥតគិតថ្លៃ។ បើតាមរបាយការណ៍បង្ហាញថាក្នុងខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរពេទ្យគន្ធបុប្ផាបានពិនិត្យព្យាបាលកុមារឈឺចំនួនជាង ៦ ម៉ឺននាក់ នៅក្នុងផ្នែកពិគ្រោះជម្ងឺក្រៅ ខណៈកុមារមានជម្ងឺធ្ងន់ៗចំនួនជាង១ម៉ឺន នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។