ភ្នំពេញ៖ ក្នុងកាលទេសៈដែលប្រទេសកម្ពុជា រួមគ្នាប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូវីដ-១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនរបស់យើងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកក្នុងការអនុវត្តវិធានការ និងការណែរនាំនានារបស់ក្រសួងសុខាភិបាល។ គ្រឹះស្ថានបានដាក់ចេញវិធានការការពារសុខុមាលភាពអតិថិជន ព្រមទាំងបុគ្គលិករបស់ខ្លួនផងដែរ ជាពិសេស អេ អឹម ខេ បានណែនាំអតិថិជនរបស់ខ្លួនឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដើម្បីចូលរួមចំណែកអនុវត្តតាមគោលការណ៍ណែនាំគម្លាតសង្គម របស់ក្រសួងសុខាភិបាល។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា “យើងនៅតែបន្តផ្តល់សេវាកម្មល្អជូនដល់អតិថិជនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដោយគំាទ្រទាំងស្រុង និងអនុវត្តនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។ ជាក់ស្តែងដើម្បី ជៀងវាងការជួបគ្នាដោយផ្ទាល់ អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដែលអាចឲ្យអតិថិជនធ្វើការទូទាត់ទំនិញ បង់វិក្កយបត្រ ទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ ផ្ទេរប្រាក់ ត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីរបស់ខ្លួន ក៏ដូចជាធ្វើប្រតិបត្តិការផ្សេងៗនៅគ្រប់ទីកន្លែង និងពេលវេលា។”
ប្រធាននាយកប្រតិបត្តិរូបនេះបានសង្កត់ធ្ងន់ផងដែរថា “ សុខុមាលភាព និងសុវត្ថិភាពអតិថិជន និងបុគ្គលិកជាទ្រព្យដ៏មានតម្លៃរបស់យើង។ កន្លងមក យើងបានចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំនូវវិធីសាស្រ្តការពារខ្លួន និងកាត់បន្ថយហានិភ័យដល់បុគ្គលិក អតិថិជន ក៏ដូចជាសាធារណជនទូទៅ តាមរយៈសារអប់រំផ្សេងៗ ជារូបភាព និងវីដេអូអប់រំខ្លី ដែលធ្វើឡើងតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានផ្សេងៗដែលជាដៃគូ អេ អឹម ខេ។”
លោកបានបន្តទៀតថា “ជំនួសឲ្យការតក់ស្លុត និងភ័យខ្លាចខ្លាំង លោកសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យស្វែងយល់ពីជំងឺឆ្លងនេះឲ្យច្បាស់ និងចូលរួមអនុវត្តវិធីការពារទាំងអស់គ្នា ដើម្បីការពារខ្លួន គ្រួសារ និងសង្គមជាតិពីជំងឺនេះ។” ឆ្លៀតក្នុងឱកាសនេះដែរ លោកសូមថ្លៃអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងដែលពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ដែលបានប្តេជ្ញា និងប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការនឿយហត់ក្នុងការជួយការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ផងដែរថា គ្រប់អតិថិជន និងបុគ្គលិក អេ អឹម ខេ ទាំងអស់ គឺត្រូវស្នើសុំឲ្យ វាស់កម្តៅខ្លួន និងលាងដៃនឹងទឹក អាល់កុលជាមុនសិន មុននឹងអនុញ្ញា តឲ្យចូលទៅខាងក្នុងការិយាល័យ។ បន្ថែមលើនេះទៀត នៅគ្រប់ការិយាល័យ អេ អឹម ខេ ទាំងអស់ គឺត្រូវបានរៀបចំកាលវិភាគដើម្បីសម្អាតយ៉ាងដិតដល់ បាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការការពារផ្សេងៗយ៉ាងហ្មត់ចត់ផងដែរ។ មកទល់បច្ចុប្បន្ននេះ អតិថិជនទាំងអស់នៅតែអាចធ្វើប្រតិបត្តិការបានដោយរលូននៅតាមបណ្តាញប្រតិបត្តិការរបស់យើងទូទាំងប្រទេស ដូចជានៅតាម ការិយាល័យ ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ តាមភ្នាក់ងារ ជាពិសេសគឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដែលអាចឲ្យគាត់ធ្វើប្រតិបត្តិការបានយ៉ាងទូលំទូលាយដោយមិនចាំបាច់កាន់សាច់ប្រាក់ផងដែរ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជិត ៣៤០ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៧៨ លាន ដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជិត ៦០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App ។