អេ អឹម ខេ ឈរនៅលេខរៀងទី១ លើចំនួនអតិថិជនប្រាក់កម្ចីច្រើនជាងគេបំផុត
រាជធានីភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បន្តឈរលេខរៀងទី១លើចំនួនគណនីអតិថិជនកម្ចី បើគិតត្រឹម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ចំនួនគណនីបានកើនឡើងដល់ជាង ៣៥ម៉ឺននេះបើយោងតាមរបាយការណ៍
វិភាគលើដំណើរការប្រតិបត្តិរបស់ស្ថាប័ន (Industry Performance Monitoring) ប្រចាំខែសីហា ឆ្នាំ២០១៦ របស់ ក្រេឌីតប្យូរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC)។ ការកើនឡើងចំនួនគណនីអតិថិជនកម្ចីដ៍ច្រើនលើសលប់នេះគឺដោយសារតែ អេ អឹម ខេ មានសេវាហិរញ្ញវត្ថុ ដែលបត់បែនទៅតាមតម្រូវការរបស់អតិថិជន និងមានវិសាលភាពប្រតិបត្តិការធំទូលាយ ជាពិសេសនៅតំបន់ជនបទដាច់ស្រយ៉ាល។
បច្ចុប្បន្ននេះ អេ អឹម ខេ បាន នឹងកំពុងផ្តល់សេវាប្រាក់កម្ចីដ៍សម្បូរបែបជាមួយនឹងអត្រាការប្រាក់សមរម្យជូនដល់អតិថិជនរបស់ខ្លួន ដែលភាគច្រើនពួកគាត់រស់នៅតំបន់ជនបទ។ គិតត្រឹម ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះ អេ អឹម ខេ បានពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនដោយគ្របដណ្តប់ភូមិចំនួន១២,៤៧០ ស្មើនឹង៨៩% នៃចំនួនភូមិសរុបនៅកម្ពុជា។
លោក សួន ពិសី នាយកប្រតិបត្តិឥណទាន នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានលើកឡើងថា “ពីមួយឆ្នាំទៅមួយឆ្នាំ អេ អឹម ខេ តែងតែអភិវឌ្ឍខ្លួនជាលំដាប់ដោយបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនរបស់យើង។ ជាក់ស្តែងថ្មីៗនេះ អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់សេវាប្រាក់កម្ចីបន្ថែមមានដូចជា៖ ប្រាក់កម្ចីសម្រាប់ទិញម៉ូតូ ប្រាក់កម្ចីសម្រាប់ទិញឧបករណ៍កសិកម្ម មិនត្រឹមតែប៉ុណ្ណោះ អេ អឹម ខេ មានគម្រោងនឹងដាក់អោយប្រើប្រាស់សេវាប្រាក់កម្ចីថ្មី សម្រាប់អាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ដែលមានទំហំកម្ចីរហូតដល់ ៥ម៉ឺនដុល្លា នៅក្នុង ខែតុលាខាងមុខនេះ”។
លោកបានបញ្ជាក់បន្ថែមដូចនេះថា “ការកើនឡើងចំនួនអតិថិជននេះដោយសារតែ អេ អឹម ខេ បានផ្តល់សេវាកម្មល្អ មានទំនុកចិត្ត យល់ពីតម្រូវការរបស់អតិថិជន បុគ្គលិកបំពេញការងារប្រកបដោយវិជ្ជាជីវៈខ្ពស់ ជាពិសេសសេវាកម្មរបស់ អេ អឹម ខេ បានទៅដល់ដៃអតិថិជន ទោះគាត់រស់នៅតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្តី។ កត្តាទាំងនេះ វាស្របទៅនឹងបេសកកម្ម និងទស្សនវិស័យរបស់យើង គឺជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងធ្វើឲ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ”។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែសីហា ឆ្នាំ២០១៦ នេះ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ៥២ម៉ឺននាក់ដែលមានសមតុល្យប្រាក់កម្ចីជាង ១៤៨លានដុល្លារអាមេរិក និង មាន ១៥១ ការិយាល័យ។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។