សេវាទូទាត់រហ័សពី អេ អឹម ខេ
រាជធានីភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានដាក់ឲ្យដំណើរការជាផ្លូវការ សេវាទូទាត់រហ័ស កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ ។
អេ អឹម ខេ ក្រោមការផ្តួចផ្តើមដោយធនាគារជាតិនៃកម្ពុជា និងដោយមានការចូលរួមសហការណ៍ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន ១២ ផ្សេងទៀតបានបង្កើតសេវាកម្មរហ័សនេះឡើងក្នុងគោលបំណង ដើម្បីផ្តល់មធ្យោបាយបន្ថែមទៀតដល់ គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំងអស់អនុវត្តប្រតិបត្តិការផ្ទេរប្រាក់ និងទូទាត់សងប្រាក់ជាប្រាក់រៀល ឆ្លងគ្រឹះស្ថានសម្រាប់អតិថិជនរបស់ខ្លួននៅគ្រប់ខេត្ត-ក្រុង ទូទាំងប្រទេស ប្រកបដោយភាពរហ័សទាន់ចិត្ត សុវត្ថិភាព និងជឿទុកចិត្ត។ ម្យ៉ាងវិញទៀត សេវានេះនឹងរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក កាត់បន្ថយចរាចរសាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងជាពិសេសលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធទូទាត់នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ឲ្យដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ីក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជួយជ្រោមជ្រែងបង្កើតសេវាទូទាត់រហ័សនេះឡើង។ លោកបានបន្តទៀតថា សេវាទូទាត់រហ័សនេះ គឺមានសារៈសំខាន់ណាស់ព្រោះវាជួយសម្រួលដល់អតិថិជន ក្នុងការទទួល និងផ្ទេរប្រាក់ ទូទាត់ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ ជាប្រាក់រៀល ដូចជា ទិញអាហារ គ្រឿងអេឡិចត្រូនិច សំបុត្រឡានក្រុង ដោយការទូទាត់អាចធ្វើឡើងឆ្លងធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាមរយៈបេឡាធិការ ម៉ាស៊ីនអេធីអឹម ទូរស័ព្ទដៃ ឬ តាមកុំព្យូទ័រ បានភ្លាមៗប្រកបដោយភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាពខ្ពស់ ។
លោកប្រធានប្រតិបត្តិសង្ឃឹមយ៉ាងម៉ុតមាំថា អតិថិជនទាំងអស់ នឹងគាំទ្រប្រើប្រាស់សេវាទូទាត់រហ័សនេះគ្រប់ៗគ្នា ហើយសូមអរគុណទុកជាមុនចំពោះការគាំទ្រនេះ ។
គួរបញ្ជាក់ផងដែរថា សេវាទូទាត់រហ័សនេះត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា ជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន១៣ ក្នុងនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៦ រួមមាន អេ អឹម ខេ បា្រសាក់ អម្រឹត ហត្ថាកសិករ ក្រេឌីត និង វីសិនហ្វាន់ និងគ្រឹះស្ថានធនាគាររួមមាន អេស៊ីលីដា កម្ពុជាសាធារណៈ កាណាឌីយ៉ា វឌ្ឍនៈអាស៊ីចំកាត់ (អេ ប៊ី អេ) វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ហ្វីលីព និង ស្ថាបនា ។