វេរលុយពីថៃបានភ្លាមៗតាមរយៈDeeMoney មកកាន់ អេ អឹម ខេ!
អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការជាមួយក្រុមហ៊ុន DeeMoney ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការវេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ អតិថិជនដែលប្រកបរបរអាជីវកម្ម និងពលករធ្វើការនៅប្រទេសថៃទាំងអស់អាចវេរប្រាក់ទៅគ្រប់គណនីធនាគារ ដែលស្ថិតនៅក្រោមប្រព័ន្ធបាគង រួមបញ្ចូលទាំង អេ អឹម ខេ និងធនាគារធំៗនៅក្នុងប្រទេសកម្ពុជា។ ការវេរប្រាក់គឺអាចធ្វើបាននៅលើទូរស័ព្ទដៃ ឬ វេរដោយផ្ទាល់នៅសាខារបស់ DeeMoney។
លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារមានប្រសាសន៍ថា “យើងពិតជាមានសេចក្ដីរំភើប ដែលបានសហការជាមួយក្រុមហ៊ុន Deemoney ដែលជាក្រុមហ៊ុននាំមុខគេមួយលើការវេរប្រាក់ពីប្រទេសថៃទៅអន្ដរជាតិ។ ហើយកិច្ចសហប្រតិបត្តិការនេះ គឺជាការបោះជំហានមួយសម្រាប់ អេ អឹម ខេ ថ្មីមួយទៀត ក្នុងការជួយសម្រួលដល់ ពលករធ្វើការនៅប្រទេសថៃ អាចវេរប្រាក់មកកាន់បងប្អូន សាច់ញាតិដែលរស់នៅប្រទេសកម្ពុជា យ៉ាងងាយស្រួល សុវត្តិភាពខ្ពស់ និងរហ័ស។”
លោកបានបន្ថែមទៀតថា “នេះជាកិច្ចសហការប្រតិបត្តិការថ្មីមួយទៀតដែល អេ អឹម ខេ បានចាប់ដៃគូជាមួយក្រុមហ៊ុនដ៏ធំនៅក្រៅប្រទេស ដើម្បីផ្ដល់ផលប្រយោជន៍ដល់អតិថិជនរបស់យើង។ ហើយ អេ អឹម ខេ នឹងបន្ដខិតខំប្រឹងប្រែង ផ្ដល់ផលប្រយោជន៍ដ៏ល្អបំផុតរបស់សេវាកម្ម និងផលិតផលហិរញ្ញវត្ថុដល់អតិថិជនរបស់យើង។
លោក Aswin Phlaphongphanich អគ្គនាយក និងជាស្ថាបនិករបស់ក្រុមហ៊ុន Deemoney មានប្រសាសន៍ថា “កិច្ចសហប្រតិបត្តិការនេះ នឹងជួយបង្កើនភាពខ្លាំងស្នូលរបស់ក្រុមហ៊ុនទាំងពីរ តាមរយៈការធ្វើឲ្យរបៀបក្នុងការវេរប្រាក់ឆ្លងប្រទេសកាន់តែមានភាពងាយស្រួល សុវត្តិភាព និងរហ័សសម្រាប់អតិថិជនរបស់យើង ដោយធ្វើនៅលើកម្មវិធីទូរស័ព្ទ DeeMoney Neo ពីបណ្ដាញឥណទានគណនីធនាគារ ទៅកាន់គ្រប់ធនាគារធំៗតាមប្រព័ន្ធបាគង”។
អតិថិជនទាំងអស់អាចវេរយ៉ាងងាយស្រួលទៅកាន់ប្រទេសកម្ពុជា តាមរយៈការទៅសាខា DeeMoney ផ្ទាល់ ដែលមានទីតាំងនៅ Sukhumvit Soi 8 (BTS Nana) ឬ អនុវត្តតាមជំហាននីមួយៗដូចខាងក្រោម ដើម្បីដំឡើងកម្មវិធី និងវេរយ៉ាងងាយស្រួល៖
- ដំឡើងកម្មវិធីទូរស័ព្ទ DeeMoney Neo ពី App Store ឬ Play Store
- បំពេញព័ត៌មានដែលចាំបាច់
- បន្ថែមគណនីអ្នកទទួល
- បញ្ចូលទឹកប្រាក់ដែលត្រូវវេរ
- ជ្រើសរើសដកលុយសុទ្ធ ឬវេរចូលគណនីសន្សំ
- រក្សាទុក QR code
- ទូទាត់ប្រាក់ដោយប្រើប្រាស់ QR code តាមគ្រប់កម្មវិធីទូរស័ព្ទរបស់ធនាគារថៃ
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ អេ អឹម ខេ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជិត ៧,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចឲ្យអតិថិជនបើកគណនីបានដោយខ្លួនឯង (Selfie Banking) ធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។
អំពី DeeMoney
DeeMoney គឺជាក្រុមហ៊ុនដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដែលផ្ដល់ជូននូវសេវាវេរប្រាក់ និងសម្រួលលើការទូទាត់ឆ្លងព្រំដែនពីប្រទេសថៃ ទៅកាន់ពិភពលោក ជាមួយវិធីសាមញ្ញ គឺត្រូវការត្រឹមមួយឯកសារ និងភាពងាយស្រួលក្នុងប្រើប្រាស់កម្មវិធីទូរស័ព្ទ។ ជាមួយ DeeMoney យើងអាចវេរប្រាក់ត្រឹមតែមួយថ្ងៃក្នុងថ្ងៃធ្វើការទៅកាន់ជាង ៣៥ប្រទេស។ សម្រាប់អតិថិជនជាអាជីវករ លោកអ្នកអាចមើលព័ត៌មានបន្ថែម៖ DeeMoney.com/Business