ពិធីប្រគល់ពាន និងលិខិតសរសើរជូនដល់បុគ្គលិក និងសាខាឆ្នើមលើការលក់ធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់

ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត (Forte) បានប្រារព្ធពិធីប្រគល់ពាន និងលិខិតសរសើរជូនដល់សាខា និងមន្ត្រីឥណទានឆ្នើម លើការលក់ធានារ៉ាប់រងខ្នាតតូចនៅការិយាល័យកណ្ដាលរបស់ អេ អឹម ខេ។ កម្មវិធីនេះធ្វើឡើងដើម្បីប្រគល់រង្វាន់ជាការលើកទឹកចិត្តដល់សាខា និងមន្ត្រីឥណទានឆ្នើមដែលបានខិតខំប្រឹងប្រែងកន្លងមក ក្នុងការលក់ធានារ៉ាប់រងខ្នាតតូចដល់អតិថិជនដែលប្រើប្រាស់កម្ចីរបស់ អេ អឹម ខេ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា «ធានារ៉ាប់រង មានតួនាទីសំខាន់ណាស់ក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ននៅក្នុងសង្គមគ្រួសារ សង្គមជាតិ និងប្រទេសទាំងមូល ព្រោះធានារ៉ាប់រង គឺជាការធានានូវបន្ទុកហិរញ្ញវត្ថុ ដោយហេតុថាទៅថ្ងៃមុខយើងមិនដឹងថានឹងមានអ្វីកើតឡើងសម្រាប់យើង និងក្រុមគ្រួសារយើងទេ ។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ អេ អឹម ខេ បានបញ្ចេញបណ្ណសន្យារ៉ាប់រងសរុបចំនួនប្រមាណ ២,៣ លានបណ្ណ និងបានទូទាត់សំណងធានារ៉ាប់រងសរុបប្រមាណជាង ៦លានដុល្លារអាមេរិក។» លោកបានបន្ថែមទៀតថា «ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទកភាព ចំពោះសាខា និងមន្ត្រីឥណទានទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញនូវតួនាទីរបស់ខ្លួនបានយ៉ាងល្អ ហើយខ្ញុំនឹងនៅតែបន្តលើកទឹកចិត្ត ដល់មន្ត្រីឥណទាន និងបុគ្គលិករបស់ អេ អឹម ខេ ទាំងអស់ឲ្យខិតខំប្រឹងប្រែងបន្តទៀត ដើម្បីទទួលបានសមិទ្ធផលឱ្យកាន់តែល្អជាងនេះបន្ថែមទៀត។»
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ដើម្បីផ្តល់សេវាធានារ៉ាប់រងខ្នាតតូច ត្រូវបានគេស្គាល់ថាជាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ដល់អតិថិជនដែលប្រើប្រាស់កម្ចីពី អេ អឹម ខេ តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ន។ គោលបំណងចម្បង និងទស្សនវិស័យរួមសម្រាប់កិច្ចសហប្រតិបត្តិការនេះ គឺដើម្បីជួយការពារអតិថិជន និងក្រុមគ្រួសាររបស់ពួកគេពីហានិភ័យធ្ងន់ធ្ងរ ពីព្រោះសុខភាព និងគ្រោះថ្នាក់ គឺជាហានិភ័យដ៏សំខាន់ដែលគ្រួសារមានចំណូលទាបនឹងប្រឈមមុខ ហើយជាទូទៅការចំណាយលើការប្រើប្រាស់សេវាធានារ៉ាប់រងខ្នាតតូចសម្រាប់អតិថិជនកម្ចីរបស់ អេ អឹម ខេ គឺតិចជាង ១០០ រៀលក្នុងមួយថ្ងៃ ឬត្រឹមតែ ២.៥០០ រៀលក្នុងមួយខែតែប៉ុណ្ណោះ សម្រាប់ការការពារសមាជិកគ្រួសារម្នាក់ៗក្នុងមួយឆ្នាំ។