ចូលរួមជាមួយ អេ អឹម ខេ ក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានផ្ដល់ការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបុគ្គលិក ដែលធ្វើឲ្យគ្រឹះស្ថានទទួលបានពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា ដល់ទៅ២ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០២១ និងឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ World HRD Congress។ អេ អឹម ខេ នឹងចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ ដើម្បីផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែករងការងារធ្វើជាច្រើនមុខតំណែងទូទាំង ២៥ ខេត្ត-រាជធានី។
ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ នឹងរៀបចំឡើងនៅថ្ងៃទី ២៨ និង ២៩ ខែតុលា នេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ ដែលមានក្រុមហ៊ុន អង្គការ និងស្ថាប័នធំៗជាង ១៥០ មកចូលរួម និងផ្ដល់ឱកាសការងារដល់សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើប្រមាណជាង ២ម៉ឺនកន្លែង។
អ្នកស្រី ដេត សុជាតិ នាយិកាប្រតិបត្តិរងធនធានមនុស្ស បានមានប្រសាសន៍ថា “ការបង្កើតឱកាសការងារ និងការអភិវឌ្ឍធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ សព្វថ្ងៃនេះ អេ អឹម ខេ មានបុគ្គលិកចំនួនជិត ៤ពាន់នាក់ ហើយយើងក៏នៅបន្ដផ្ដល់ឱកាសការងារជាច្រើនកន្លែងបន្ថែមទៀត ដោយយើងមិនត្រឹមតែផ្ដល់នូវប្រាក់ប្រាក់បៀវត្សដែលប្រកួតប្រជែងប៉ុណ្ណោះទេ យើងថែមទាំងគាំទ្របុគ្គលិកក្នុងការអភិវឌ្ឍ និងរីកចម្រើនទៅមុខ រួមជាមួយបរិយាកាសការងារល្អ តម្លាភាព និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២២ បេក្ខជនអាចត្រៀម CVs ដើម្បីមកដាក់ភ្លាម និងសម្ភាសន៍ភ្លាមៗ និងចូលរួមសកម្មភាពផ្សេងៗទៀត ដើម្បីមានឱកាសឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើននៅក្នុងស្ដង់របស់ អេ អឹម ខេ។”