គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានអតិថិជនជាង៥០ម៉ឺននាក់
រាជធានីភ្នំពេញៈ គិតត្រឹមឆមាសទី១ ឆ្នាំ២០១៦នេះ មានអតិថិជនសរុបជាង ៥០ម៉ឺននាក់ នៅទូទាំងប្រទេស កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។
បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជាក្នុង ឆ្នាំ២០០៤ មក អេ អឹម ខេ មានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ទាំងតំបន់ប្រតិបត្តិការ ផលិតផល/សេវាកម្ម និងជាពិសេសចំនួនអតិថិជនមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុង ឆ្នាំ២០១២ អេ អឹម ខេ មានអតិថិជនត្រឹមតែជាង ៣១ម៉ឺននាក់តែប៉ុណ្ណោះ ប៉ុន្តែចំនួនអតិថិជនបានកើនឡើងដល់ជាង ៤១ម៉ឺននាក់នៅក្នុងឆ្នាំ២០១៤ និងកើនឡើងដល់ជាង ៤៤ម៉ឺននាក់នៅក្នុង ឆ្នាំ២០១៥។
ការកើនឡើងអតិថិជនដ៏ច្រើននេះ សបញ្ជាក់ឲ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ អេ អឹម ខេ ក្នុងការគ្រប់គ្រង និងដឹកនាំល្អប្រកបដោយវិជ្ជាជីវៈ ស្របទៅនឹងទស្សនវិស័យរបស់ខ្លួន ជាពិសេសការតាំងចិត្តខ្ពស់របស់បុគ្គលិកក្នុងការផ្តល់សេវាហិរញ្ញវត្ថុដែលសមស្រប និងទៅតាមតម្រូវការរបស់អតិថិជន។ ជាការឆ្លើយតបអតិថិជនពេញចិត្តយ៉ាងខ្លាំងចំពោះផលិតផល និងសេវាកម្មរបស់ អេ អឹម ខេ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ពីមួយឆ្នាំទៅមួយឆ្នាំ អតិថិជនរបស់ អេ អឹម ខេ តែងតែមានការកើនឡើងជាបន្តបន្ទាប់។ នេះដោយសារតែ អេ អឹម ខេ ដើរលើទស្សនវិស័យដ៏ត្រឹមត្រូវ និងស្មារតីសាមគ្គីជាធ្លុងមួយ ចាប់ពីក្រុមប្រឹក្សាភិបាលគណៈគ្រប់គ្រង រហូតដល់បុគ្គលិកគ្រប់ជាន់ថ្នាក់នៅតាមបណ្តាខេត្ត-ក្រុង”។ លោកបានបន្តថា “ដើម្បីបំពេញតម្រូវការអតិថិជន និងដើម្បីដើរឲ្យទាន់ការរីកចម្រើនរបស់វិស័យមីក្រូហិរញ្ញវត្ថុបច្ចុប្បន្ន អេ អឹម ខេ តែងតែបង្កើតផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗដ៏សម្បូរបែប ជាពិសេសផ្តោតទៅលើការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ។”
លោកប្រធាននាយកប្រតិបត្តិបានថ្លែងអំណរគុណយ៉ាងកក់ក្តៅដល់អតិថិជនទាំងអស់ដែលបាន និងកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ អេ អឹម ខេ។ អេ អឹម ខេ នឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប ប្រកបដោយតម្លាភាព និងវិជ្ជាជីវៈខ្ពស់ជូនដល់អតិថិជនរបស់ខ្លួន ដែលភាគច្រើនរស់នៅតំបន់ជនបទដាច់ស្រយាល ក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាព រស់នៅរបស់ពួកគេ។ លោកបានបន្ថែមជាចុងក្រោយថា “អ្វីដែលយើងចង់ឃើញបំផុតនោះគឺ អតិថិជនមានជីវភាពកាន់តែធូរធារ ទន្ទឹមនឹង អេ អឹម ខេ ក៏មានការរីកចម្រើនដែរ”។