សហគ្រាសខ្នាតតូច និងមធ្យមក្នុងស្រុកបន្តរីកចម្រើន តាមរយៈទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុ សម្រាប់ខ្សែចង្វាក់អាជីវកម្ម
Print

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នំា២០២០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ​អង្គការដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA)  បានសហការគ្នារៀបចំសិក្ខាសាលាមួយស្តីអំពី “ឱកាសទទួលបានទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុសម្រាប់ខ្សែសង្វាក់អាជីវកម្ម” ដែលមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់ អេ អឹម ខេ អង្គការ CPSA និងម្ចាស់សហគ្រាសខ្នាតតូច និងមធ្យមជាច្រើននាក់ ជាពិសេសផ្នែកកែច្នៃចំណីអាហារ អ្នកផ្គត់ផ្គង់ និងប្រមូលទិញផលិតផលកសិកម្មជាដើម។

ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណង ផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មទំាងអស់ដើម្បីស្វែងយល់ពីលទ្ធភាពដែល អេ អឹម ខេ នឹងជួយជ្រោមជ្រែងដល់អាជីវកម្មរបស់ពួកគាត់តាមរយៈការផ្តល់ទុនបង្វិល និងកញ្ចប់សេវាកម្មហិរញ្ញវត្ថុសម្រាប់ខ្សែសង្វាក់អាជីវកម្ម បង្ហាញពីឱកាសដាក់លក់ផលិតផលក្នុងកម្មវិធីទន្លេសាបដោយឥតគិតថ្លៃដល់ម្ចាស់អាជីវកម្ម ក៏ដូចជាឱកាសសម្រាប់ការបង្កើតទំនាក់ទំនងល្អរវាង អេ អឹម ខេ ជាមួយម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងកិច្ចសហការនេះផងដែរ។

នាយកប្រចំាប្រទេសអង្គការ CPSA លោក ចាន់ សេរីរដ្ឋា បានលើកឡើងថា “ មិនថានៅក្នុងកាលៈទេសៈដែលអាជីវកម្មកំពុងជួបបញ្ហា ឬអាជីវកម្មកំពុងរីកចម្រើននោះទេ យើងឃើញថា បញ្ហាសាច់ប្រាក់ ឬទុនបង្វិលនេះ គឺជាឆ្អឹងខ្នងនៃបញ្ហាទំាងអស់ របស់សហគ្រិន ដែលត្រូវដោះស្រាយជាប្រចំា។ ដូច្នេះ វាពិតមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជួយពួកគាត់ ប្រសិនបើ ដៃគូដែលជាស្ថាប័នផ្តល់ឥណទាន សម្រាប់ជាទុនបង្វិល ឬកញ្ចប់សេវាហិរញ្ញវត្ថុណា ដែលសមស្រប និងងាយស្រួលផងដែរនោះ។ លោកបន្ថែទៀតថា “ការផ្តល់កញ្ចប់សេវាកម្មហិរញ្ញវត្ថុពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុង កាលៈទេសៈនេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជ្រោមជ្រែងដល់ការរីកចម្រើនអាជីវកម្ម ក្នុងស្រុក ជាពិសេសគឺផ្នែកសិផលកសិកម្ម និងការកែច្នៃចំណីអាហារនេះដែរ។”

 លោក ហួត សុខា ប្រធាននាយកប្រតិបត្តិសាជីវកម្មបានឲ្យដឹងថា “ ការរៀបចំកញ្ចប់សេវាកម្មហិរញ្ញវត្ថុសម្រាប់ខ្សែចង្វាក់អាជីវកម្ម ដោយសារយើងមើលឃើញឱកាសពីឬសគល់នៃបញ្ហាក្នុងខ្សែចង្វាក់អាជីវកម្ម ដូចជា ការខ្វះដើមទុនបង្វិលសម្រាប់ទិញវត្ថុធាតុដើម ឬ ទំនិញពីអ្នកផ្គត់ផ្គង់ ឧបសគ្គនៃការបង្កើនបរិមាណលក់ និងពង្រីក​​​ទីផ្សារ បញ្ហាទ្រព្យធានា ក៏ដូចជាតម្រូវការសេវាហិរញ្ញវត្ថុសម្រាប់គាំទ្រសង្វាក់អាជីវកម្មដូចជា សន្សំ សេវាទូទាត់ បើកប្រាក់បៀវត្ស...ដែលអាចផ្តល់ផលចំណេញច្រើនសម្រាប់ក្រុមហ៊ុនផងដែរ។ ដូចនេះ អេ​ អឹម ខេ បង្កើតកញ្ចប់សេវាកម្មហិរញ្ញវត្ថុសម្រាប់ខ្សែសង្វាក់អាជីវកម្មនេះឡើងដើម្បីឆ្លើយតបទៅទៅនឹងបញ្ហាដែលសហគា្រសកំពុងជួបប្រទះ។ អេ អឹម ខេ ខិតខំធ្វើយ៉ាងណាផ្តល់កិច្ចសហការល្អសម្រាប់ដៃគូមានលក្ខណៈបត់បែនតាមអាជីវកម្ម និងតម្រូវការជាក់ស្តែងរបស់សហគ្រិននីមួយៗ អ្នកផ្គត់ផ្គង់ និងដេប៉ូចែកចាយជាដើម។” លោកបានបន្ថែមថា “អេ អឹម ខេ សូមលើកទឹកចិត្តដល់បងប្អូនដែលជាសហគ្រិនមកទទួល ប្រឹក្សាពី អេ អឹម ខេ ដើម្បីទទួលឱកាសអភិវឌ្ឍអាជីវកម្មខ្លួនមួយកម្រិតទៀត។”

ឆ្លៀតក្នុងឱកាសនោះដែរ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងពីការបង្កើតកញ្ចប់សេវាកម្មហិរញ្ញវត្ថុនេះថា ជាយន្តការដើរស្របជាមួយទស្សនវិស័យ និងបេសកម្មរបស់គ្រឹះស្ថានក្នុងការជួយឲ្យប្រសើរឡើងនូវជីវភាពរបស់អតិថិជន ព្រោះថា អតិថិជន អេ អឹម ខេ ជាង៨០% ជាប្រជាកសិករ ដែលមានជីវភាពពឹងផ្អែកលើវិស័យកសិកម្ម។ ការបង្កើតកញ្ចប់សេវាកម្មហិរញ្ញវត្ថុ នេះ លោកប្រធាននាយកប្រតិបត្តិជឿជាក់ថា នឹងជួយទ្រទ្រង់ដល់ខ្សែចង្វាក់អាជីវកម្មរបស់ហគ្រាសខ្នាតតូច និងមធ្យមជាពិសេសផ្នែកកសិផលកសិកម្ម និងការកែច្នៃចំណីអាហារកាន់តែមានការរីកចម្រើនថែមមួយកម្រិតទៀត។”