ភាគទុនិកថ្មីនឹងជួយឲ្យ អេ អឹម ខេ កាន់តែរីកចម្រើនជាងមុន
2018-Aug-30 16:35 [Viewed : 1441]

ភ្នំពេញ៖  ថ្ងៃទី៣០ ខែសីហា  ឆ្នាំ២០១៨ ភាគទុនិកថ្មីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ អេ អឹម ខេ ភីអិលស៊ី នឹងនាំមកនូវ ទាំងប្រភពទុន និងជំនាញដែលនឹងជួយធ្វើឲ្យ អេ អឹម ខេ កាន់តែរីកចម្រើនមួយកម្រិតទៀត។ ភាគទុនិកថ្មីរបស់ អេ អឹម ខេ គឺ ធនាគារពាណិជ្ជ និងសន្សំស៊ាងហៃ (The Shanghai Commercial & Savings Bank, Ltd.) ហៅកាត់ថា អេស ស៊ី អេស ប៊ី  ដែលមានដើមកំណើតនៅទីក្រុងស៊ាងហៃ  ប្រទេសចិន។  បច្ចុប្បន្នធនាគារ អេស ស៊ី អេស ប៊ី  មានការិយាល័យកណ្តាលនៅទីក្រុងតៃប៉ិ និងបុត្រសម្ព័ន្ធនៅទីក្រុងហុងកុង​ និងស៊ាងហៃ។ ការសម្រេចចិត្តទទួលយក ភាគទុនិកថ្មីដោយសារតែ ទី១. ភាគទុនិកចាស់ចំនួនបីរបស់ អេ អឹម ខេ ផុតកំណត់អណត្តវិនិយោគនឹងត្រូវចាកចេញ ទី២. ដោយសារតែបេសកកម្ម និងទស្សនវិស័យរបស់ អេស ស៊ី អេស ប៊ី និង អេ អឹម ខេ មានលក្ខណៈដូចគ្នាស្ទើរតែ ទាំងស្រុង គឺជួយ​ដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ​របស់ពួកគេតាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប  និងឋិតថេរ។

នៅពេលបច្ចុប្បន្ននេះ អេ អឹម ខេ មានភាគទុនិកចំនួន៥គឺ Agora Microfinance N.V. (AMNV), Rural Impulse Fund II S.A. SICAV-FIS (RIF II), Société de Promotion et de Participation pour la Coopération Economique S. A. (PROPARCO)  មូលនិធិអភិវឌ្ឈន៍កម្ពុជា-ឡាវ (CLDF) និងសមាគមបុគ្គលិក អេ អឹម ខេ (AMK-SA)។ ប៉ុន្តែភាគទុនិក ចំនួនបីនឹងត្រូវផុតកំណត់អណត្តវិនិយោគជាមួយ  អេ  អឹម  ខេ គឺ RIF II  PROPARCO  និងCLDF ។ ទន្ទឹមនេះផង ដែរ មានភាគទុនិកជាច្រើនចាប់អារម្មណ៍វិនិយោគជាមួយ  អេ អឹម ខេ  ប៉ុន្តែ អេ អឹម ខេ  បានជ្រើសរើសយក អេស ស៊ី​ អេស ប៊ី  ព្រោះធនាគារនេះមានបទពិសោធន៍ និងអាយុកាលជាង ១០០ឆ្នាំ លើវិស័យហិរញ្ញវត្ថុ និងមានជំនាញប្រកប ដោយវិជ្ជាជីវៈដែលអាចជួយឲ្យ អេ អឹម ខេ  អនុវត្តការងារកាន់តែប្រសើរ  ជាពិសេសធនាគារ អេស ស៊ី​ អេស ប៊ី មាន បេសកកម្ម និងទស្សនវិស័យដូចគ្នានឹង អេ អឹម ខេ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងដូច្នេះថា “វាជាឱកាសរបស់ អេ អឹម ខេ ដែលយើង ជ្រើសរើសយក អេស ស៊ី  អេស ប៊ី  ព្រោះយើងនៅតែមានជំនឿយ៉ាងមុតមាំថា​  ប្រព័ន្ធធនាគារមួយដែលមានភាពរឹងមាំ គឺត្រូវការម្ចាស់ភាគហ៊ុនដែលមានប្រភពទុនធំ  ហើយ អេស ស៊ី អេស ប៊ី គឺជាធនាគារមួយដែលមានភាពស័កសមដែល អាចនាំ អេ អឹម ខេ អភិវឌ្ឍទៅជំហានបន្ទាប់ទៀត”។  លោកបានបន្តទៀតថា “នៅពេលដែលយើងមានប្រភពទុនធំមាន អ្នកជំនាញចាំជួយយើង អេ អឹម ខេ នឹងមានឱកាសកាន់តែច្រើនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនដែលធ្វើឲ្យផលិតផល និងសេវាកម្មរបស់យើងកាន់តែមានភាពសម្បូរបែបជូនដល់អតិថិជនទូទៅ ជាពិសេសប្រជាជននៅតំបន់ជនបទមាន ឱកាសគ្រប់ៗគ្នាក្នុងការប្រើប្រាស់ផលិតផល និងសេវាហិរញ្ញវត្ថុ អេ អឹម ខេ ដើម្បីធ្វើឲ្យជីវភាពរបស់ពួកគាត់មានភាព ប្រសើរឡើង។  យើងសូមកោតសរសើរដល់ធនាគារ អេស ស៊ី អេស ប៊ី ដែលបានគាំទ្របេសកកម្មស្នូលរបស់ អេ អឹម ខេ និងជួយគាំទ្រដល់ក្រុមថ្នាក់ដឹកនាំដែលមានស្រាប់  នឹងជួយដល់កិច្ចការងាររបស់យើងក្នុងការជួយដល់ចំណែកទីផ្សារ ដែលរកចំណូលមានកម្រិតនៅកម្ពុជា”។

លោក John Yung សមាជិកក្រុមប្រឹក្សាភិបាល EVP & CIO នៃធនាគារ អេស ស៊ី អេស​ ប៊ី បានមានប្រសាសន៍ថា       “ អេ អឹម​ ខេ គឺតំណាងឲ្យធនាគារ អេស ស៊ី អេស ប៊ី ដែលមានការិយាល័យនៅក្រៅប្រទេស យើងមានសេចក្តីរីករាយ ដែលបានចាប់ដៃគូជាមួយ អេ អឹម​ ខេ ក្នុងការអភិវឌ្ឍនៅកម្ពុជាទៅថ្ងៃអនាគត។ យើងពិតជាចាប់អារម្មណ៍ចំពោះ បេសកកម្មសង្គមរបស់ អេ អឹម ខេ និងប្តេជ្ញាចិត្តនៅតែបន្ត និងពង្រឹងវាឲ្យកាន់តែរឹងមាំថែមទៀត។ ជាមួយនឹងក្តីប្រាថ្នា ដើម្បីជួយដល់សង្គម គាំទ្រលើវិស័យឧស្សាហកម្ម និងលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ដែលជាការងារស្នូលរបស់ អេស ស៊ី អេស ប៊ី ដើម្បីបម្រើដល់អតិថិជនដែលគាត់ពុំមានលទ្ធភាពប្រើប្រាស់សេវាធនាគារ ហើយជាមូលហេតុដែលធ្វើ ឱ្យធនាគារ អេស ស៊ី អេស ប៊ី រីកចម្រើនដល់សព្វថ្ងៃនេះ។ ធនាគារ អេស ស៊ី អេស ប៊ី បានមើលឃើញពីភាពដូចគ្នារវាង អេស ស៊ី អេស ប៊ី ពេលយើងចាប់ផ្តើមជាធនាគារដំបូង និង អេ អឹម ខេ នាពេលបច្ចុប្បន្ន។ ធនាគារ  អេស ស៊ី អេស ប៊ី មានការជឿជាក់លើទស្សនវិស័យ  បេសកកម្ម  គុណតម្លៃ  និងយុទ្ធសាស្ត្ររបស់ អេ អឹម ខេ ដែលជាមូលដ្ឋានគ្រឹះបន្ថែម សម្រាប់ អេស ស៊ី អេស ប៊ី ក្នុងការជម្រុញ​ឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ កាន់តែរីកចម្រើន។ យើងមានសេចក្តី រំភើបរីករាយចំពោះភាពជាដៃគូនេះ ហើយយើងសង្ឃឹមថានឹងបង្កើតទំនាក់ទំនង ប្រកបដោយភាពជោគជ័យរយៈពេល វែងជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ លើគ្រឹះនៃគុណតម្លៃស្នូលរបស់ខ្លួន។"

លោក Tanmay Chetan  ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានអគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាហ្គូរ៉ាបាន មានប្រសាសន៍ថា  “បុគ្គលិកថ្នាក់គ្រប់គ្រង  ក្រុមប្រឹក្សាភិបាល  និងម្ចាស់ភាគហ៊ុន  អេ អឹម ​ខេ​  ទាំងអស់មានសេចក្តី សោមនស្សរីករាយក្នុងការស្វាគមន៍ធនាគារ អេស ស៊ី អេស ប៊ី ជាដៃគូភាគទុនិកថ្មី។ ម្ចាស់ភាគហ៊ុនសព្វថ្ងៃនេះមាន ជំនឿចិត្តយ៉ាងមុតមាំថានៅថ្ងៃអនាគត អេ អឹម ខេ នឹងទទួលបានជោគជ័យដោយសារតែជំនាញ និងបទពិសោធន៍ផ្នែក ធនាគាររបស់ អេស ស៊ី អេស ប៊ី។ ជាពិសេសធនាគារ អេស ស៊ី អេស ប៊ី បានចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសង្គមកម្ពុជា ដែលជាបេសកកម្ម អេ អឹម ខេ  ម្យ៉ាងទៀតនោះម្ចាស់ភាគហ៊ុនថ្មីនឹងនាំយកដើមទុនវិនិយោគក្នុងរយៈពេលវែងដែលនាំ ភាពរីកចម្រើនដល់ អេ អឹម ខេ ទៅកម្រិតបន្ទាប់ទៀត។ យើងពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងដែលបានចាប់ដៃគូ ជាមួយម្ចាស់ភាគហ៊ុនថ្មី  ពីអ្វីដែលនាំមកដល់ អេ អឹម ខេ  នឹងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា"។

អំពី អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែឧសភា ឆ្នាំ២០១៨ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបចំនួនជាង ២.៦០០នាក់ អតិថិជនចំនួនជាង ៧៨ ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់​កម្ចីជាង ២៣០ លានដុល្លារអាមេរិក  និងប្រាក់បញ្ញើជាង ១២៦ លានដុល្លារ អាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និងមានភ្នាក់ងារ​ជាង ៣.៥០០កន្លែងនៅ​ទូទាំង​ប្រទេស។    អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជនដូចជា៖  សេវាប្រាក់កម្ចី  ប្រាក់សន្សំ  ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ  ធានារ៉ាប់រងខ្នាតតូច  ធនាគារ​ចល័ត  សេវាបើក​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATMs/CDMs)។​

អំពី អេស ស៊ី ប៊ី ស៊ី

ធនាគារពាណិជ្ជកម្ម និងសន្សំស៊ាងហៃ  ត្រូវបានបង្កើតឡើងនៅទីក្រុងស៊ាងហៃ ឆ្នាំ ១៩១៥ ក្នុងគោលបំណងដើម្បី លើកកម្ពស់សង្គម  គាំទ្រផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ ធនាគារ អេស ស៊ី អេស ប៊ី ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយពីសំណាក់សហគ្រាសធុនតូច និងមធ្យម ទូទាំងពិភពលោក  អំពីសេវាហិរញ្ញប្បទានពាណិជ្ជកម្ម និង សេវាផ្ទេរប្រាក់ក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព។  ជាមួយបុត្រសម្ព័ន្ធនៃធនាគារពាណិជ្ជស៊ាងហៃ អិលធីឌី  ធនាគារ អេស ស៊ី អេស ប៊ី  គ្រប់គ្រងទ្រព្យសកម្មសរុបចំនួន ជាង ៥៨ ពាន់លានដុល្លារ និងដើមទុនជាង ១,៣ ពាន់លានដុល្លារ អាមេរិក និងមូលធនរបស់ម្ចាស់ភាគហ៊ុនសរុបជាង ៥,៥ពាន់លានដុល្លារអាមេរិក។

ធនាគារ អេស ស៊ី អេស ប៊ី មានបុគ្គលិកជាង ៤.០០០ នាក់ និងមានការិយាល័យប្រតិបត្តិការចំនួន ៤៤៧ ទូទាំងពិភព លោក។ អេស ស៊ី អេស ប៊ី មាន ៦៩ សាខានៅតៃវ៉ាន់ ដែលមានបុគ្គលិកជាង ២.៤០០នាក់ និងមាន ៣ សាខាផ្សេង ទៀតនៅហុងកុង វៀតណាម និងសឹង្ហបូរី និងមានការិយាល័យតំណាង ៣ នៅប្រទេសថៃ កម្ពុជា និងឥណ្ឌូនេស៊ី។ យើងមានការិយាល័យប្រតិបត្តិការចំនួន ៤៥ សាខានៅហុងកុង និង៧សាខាទៀតនៅក្រៅប្រទេសដូចជា៖ Shanghai, Shenzhen, Shanghai Pilot Free Trade Zone, London, New York, San Francisco, and Los Angeles។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200