អេ អឹម ខេ បន្តផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីមានការរីករាលដាលវីរុសកូវីដ-១៩
2020-Apr-06 15:50 [Viewed : 2325]

ភ្នំពេញ៖ ក្នុងកាលទេសៈដែលប្រទេសកម្ពុជា រួមគ្នាប្រយុទ្ធនឹងការរីករាលដាលនៃវីរុសកូវីដ-១៩  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ នៅតែបន្តផ្តល់សេវាហិរញ្ញវត្ថុជូនអតិថិជនរបស់យើងប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចូលរួមចំណែកក្នុងការអនុវត្តវិធានការ និងការណែរនាំនានារបស់ក្រសួងសុខាភិបាល។ គ្រឹះស្ថានបានដាក់ចេញវិធានការការពារសុខុមាលភាពអតិថិជន ព្រមទាំងបុគ្គលិករបស់ខ្លួនផងដែរ ជាពិសេស អេ អឹម ខេ បានណែនាំអតិថិជនរបស់ខ្លួនឲ្យប្រើប្រាស់សេវាហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដើម្បីចូលរួមចំណែកអនុវត្តតាមគោលការណ៍ណែនាំគម្លាតសង្គម​ របស់ក្រសួងសុខាភិបាល។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានលើកឡើងថា   “យើងនៅតែបន្តផ្តល់សេវាកម្មល្អជូនដល់អតិថិជនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដោយគំាទ្រទាំងស្រុង និងអនុវត្តនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងនេះ។ ជាក់ស្តែងដើម្បី ជៀងវាងការជួបគ្នាដោយផ្ទាល់ អេ អឹម ខេ បានដាក់ឲ្យប្រើប្រាស់នូវកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដែលអាចឲ្យអតិថិជនធ្វើការទូទាត់ទំនិញ បង់វិក្កយបត្រ ទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ ផ្ទេរប្រាក់ ត្រួតពិនិត្យសាច់ប្រាក់នៅក្នុងគណនីរបស់ខ្លួន ក៏ដូចជាធ្វើប្រតិបត្តិការផ្សេងៗនៅគ្រប់ទីកន្លែង និងពេលវេលា។"

ប្រធាននាយកប្រតិបត្តិរូបនេះបានសង្កត់ធ្ងន់ផងដែរថា “ សុខុមាលភាព និងសុវត្ថិភាពអតិថិជន និងបុគ្គលិកជាទ្រព្យដ៏មានតម្លៃរបស់យើង។ ​កន្លងមក យើងបានចូលរួមផ្សព្វផ្សាយ និងក្រើនរំលឹកជាប្រចាំនូវវិធីសាស្រ្តការពារខ្លួន និងកាត់បន្ថយហានិភ័យដល់បុគ្គលិក  អតិថិជន ក៏ដូចជាសាធារណជនទូទៅ តាមរយៈសារអប់រំផ្សេងៗ ជារូបភាព និងវីដេអូអប់រំខ្លី ដែលធ្វើឡើងតាមបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានផ្សេងៗដែលជាដៃគូ អេ អឹម ខេ។​”

លោកបានបន្តទៀតថា “ជំនួសឲ្យការតក់ស្លុត និងភ័យខ្លាចខ្លាំង លោកសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យស្វែងយល់ពីជំងឺឆ្លងនេះ​ឲ្យច្បាស់ និងចូលរួមអនុវត្តវិធីការពារទាំងអស់គ្នា ដើម្បីការពារខ្លួន គ្រួសារ និងសង្គមជាតិពីជំងឺនេះ។​” ឆ្លៀតក្នុងឱកាសនេះដែរ លោកសូមថ្លៃអំណរគុណ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្រសួងដែលពាក់ព័ន្ធ អាជ្ញាធរដែនដី គ្រូពេទ្យ និងបុគ្គលិកពេទ្យទាំងអស់ដែលបានប្តេជ្ញា និងប្រឹងប្រែងធ្វើការងារយ៉ាងសស្រាក់សស្រាំ និងមិនគិតពីការនឿយហត់ក្នុងការជួយការពារ  និងសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។

គួរបញ្ជាក់ផងដែរថា គ្រប់អតិថិជន និងបុគ្គលិក អេ​ អឹម ខេ ទាំងអស់ គឺត្រូវស្នើសុំឲ្យ វាស់កម្តៅខ្លួន និងលាងដៃនឹងទឹក អាល់កុលជាមុនសិន ​មុននឹងអនុញ្ញា តឲ្យចូលទៅខាងក្នុងការិយាល័យ​។ បន្ថែមលើនេះទៀត នៅគ្រប់ការិយាល័យ    អេ អឹម ខេ ទាំងអស់ គឺត្រូវបានរៀបចំកាលវិភាគដើម្បីសម្អាតយ៉ាងដិតដល់ បាញ់ថ្នាំសម្លាប់មេរោគ និងអនុវត្តវិធានការការពារផ្សេងៗយ៉ាងហ្មត់ចត់ផងដែរ​។ មកទល់បច្ចុប្បន្ននេះ ​អតិថិជនទាំងអស់នៅតែអាចធ្វើប្រតិបត្តិការបានដោយរលូននៅតាមបណ្តាញប្រតិបត្តិការរបស់យើងទូទាំងប្រទេស ដូចជានៅតាម ការិយាល័យ ម៉ាស៊ីនដក-ដាក់ប្រាក់ដោយស្វ័យប្រវត្តិ  តាមភ្នាក់ងារ ជាពិសេសគឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App ដែលអាចឲ្យគាត់ធ្វើប្រតិបត្តិការបានយ៉ាងទូលំទូលាយដោយមិនចាំបាច់កាន់សាច់ប្រាក់ផងដែរ។

អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ គិតត្រឹម​​ខែកុម្ភៈ ឆ្នាំ ២០២០ អេ អឹម​ ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹង​ផល​ប័ត្រ​​ប្រាក់​កម្ចីជិត ៣៤០ លានដុល្លារអា​មេ​រិក  និងប្រាក់​បញ្ញើជាង ១៧៨ លាន ដុល្លារអាមេរិក មានការិយាល័យ​ប្រតិ​បត្តិការ​ចំនួន ១៤៩ កន្លែង និង​មានភ្នាក់ងារ​ជិត ៦០០០ កន្លែងនៅ​ទូទាំង​​​ប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវា​កម្ម​​​ជាច្រើនកំពុង​ផ្តល់ជូន​អតិថិជន​ ដូចជាសេ​​វា​ប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រង​ខ្នាត​តូច ធនាគារ​ចល័ត  សេវា​បើក​​ប្រាក់​បៀវត្សរ៍  ម៉ាស៊ីនដក និង​ដាក់​​ប្រាក់​ដោយ​ស្វ័យប្រវត្តិ (ATMs/CDMs) និងពិសេសគឺកម្មវិធីទូរស័ព្ទដៃ AMK Mobile App ។

 

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200