២០១៩ ជាឆ្នាំនៃនវានុវត្តន៍ និងផលិភាពការងារ
2019-Dec-11 11:17 [Viewed : 702]

ខេត្តសៀមរាប៖   ២០១៩ គឺជាឆ្នាំ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ខណៈពេលដែលគ្រឹះស្ថានបានដាក់ឲ្យមានផលិតផលប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់១០ម៉ឺនដុល្លា។​ ទន្ទឹមនេះដែរ គ្រឹះស្ថាន ក៏បានដាក់ឲ្យមានសេវាបង់រំលស់ ដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ គ្រឹះស្ថានបាន និងកំពុងតែដាក់ឲ្យប្រើប្រាស់សាកល្បង សេវាធនាគារចល័ត ​(Mobile Banking)។​ នេះបើតាមសម្តីរបស់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ “ ឆ្នាំនៃនវានុវត្តន៍ និងផលិភាពការងារ” ដើម្បីបង្ហាញពីលទ្ធផលការងារដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ២០១៩  ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ក៏ដូចជាឱកាសអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមការងារ ដែលសម្រេចបានជោគជ័យកន្លងមក។

លោក គា បូរាណ បានលើកឡើងដូចនេះថា “នៅក្នុង ឆ្នាំ២០១៩ នេះ អេ អឹម ខេ បានផ្តល់ឥណទានជូនអតិថិជនមានការកើនឡើងប្រមាណជា១០% និងផលបត្រឥណទានមានកំណើនប្រមាណជា ៣០% បើប្រៀបនឹងឆ្នាំ២០១៨។ នេះជាសញ្ញាណជាវិជ្ជមាន ដែលបង្ហាញឲ្យឃើញថា អេ អឹម ខេ នៅតែបន្តទទួលបានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងឡើងពីអតិថិជនរបស់ខ្លួន។ លោកប្រធាននាយកប្រតិបត្តិ បានបន្តទៀតថា “កំណើនសមតុល្យនៃប្រាក់កម្ចីនេះ ដោយសារតែ អេ អឹម ខេ ផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ និងបន្តអភិវឌ្ឍផលិតផលថ្មីៗដូចជា សេវាបង់រំលស់ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម​។” លោកបានបន្ថែមទៀតថា “ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប អេ អឹម ខេ បាន និងកំពុងតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាពិសេស សេវាធនាគារចល័ត ដែលយើងសង្ឃឹមថា នឹងដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។”

ក្នុងកិច្ចប្រជុំនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការអនុវត្តការងាររបស់បុគ្គលិកទំាងអស់ ដោយមិនគិតពីពេលវេលា និងការនឿយហត់ដើម្បីសម្រេចគោលដៅ និងភាពរីកចម្រើនរបស់ អេ អឹម ខេ រហូតដល់សព្វថ្ងៃនេះ ហើយលោកបានលើកទឹកចិត្តបុគ្គលិកទំាងអស់ឲ្យបន្តការខិតខំប្រឹងប្រែងសម្រាប់ឆ្នាំបន្ទាប់ទៀត។  ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ផ្សេងៗដល់បុគ្គលិកភក្តីភាព បុគ្គលឆ្នើម និងសាខាឆ្នើម ដែលបានសម្រេចគោលដៅការងាររបស់ខ្លួនក្នុងឆ្នាំកន្លងទៅផងដែរ។

គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជា​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេ​លើវិសាលភាព​ប្រតិ​បត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត  សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200