អេ អឹម ខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេនៅកម្ពុជា ដែលបានក្លាយជាសមាជិក UnionPay International ក្នុងការផ្តល់សេវាផ្ទេរប្រាក់ទៅក្រៅប្រទេស
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានមួយឈានមុខគេនៅកម្ពុជា បានបោះជំហ៊ានអភិវឌ្ឍខ្លួនកាន់តែរីកចម្រើននិងផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយបានក្លាយខ្លួនសមាជិករបស់ក្រុមហ៊ុន UnionPay International និង ជាស្ថាប័នហិរញ្ញវត្ថុដំបូងបំផុត ក្នុងចំណោមសមាជិកផ្សេងទៀត ដែលទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា ក្នុងការដាក់បម្រើ សេវាកម្មផ្ទេរប្រាក់ក្នុង និង ក្រៅប្រទេសតាមរយៈ ការផ្ទេរប្រាក់ទៅ កាតUnionPay ជាមួយថ្លៃសេវាពិសេសបំផុតត្រឹមតែ១ដុល្លារប៉ុណ្ណោះ ក្នុងមួយប្រតិបត្តិការសម្រាប់ការវេរពីចេញ AMK Mobile App នៅបណ្តារទីផ្សា និង ប្រទេសចំនួន ១២ ដូចជា វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ថៃ ឥណ្តូនេស៊ី សិង្ហបុរី ចិន ហុងកុង ម៉ាកាវ ឡាវ និង កម្ពុជា។ ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផលចំណេញលើសលុប ដែលមិនធ្លាប់មានពីមុនមកសម្រាប់អ្នកដែល មានតម្រូវការវេរលុយទៅបណ្តាទីផ្សា និង ប្រទេសខាងលើនេះ ចាប់ពីថ្ងៃនេះ រហូតដល់ចុង ឆ្នាំ២០២១ ផងដែរ។
កិច្ចសហការ នេះនឹងជាការជម្រុញបន្ថែមនូវ បទពិសោធន៍ធនាគារទំនើបទាន់សម័យ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ AMK Mobile វេរលុយ ក្នុង និង ទៅក្រៅប្រទេសបានយ៉ាងឆាប់រហ័ស ងាយស្រួល សុវត្ថិភាព និងសន្សំសំចៃ តាមរយៈក្រុមហ៊ុន UnionPay International ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកដែលមានបណ្តាញកាតធំជាងគេបំផុត។ ដើម្បីជាការអបអរការក្លាយខ្លួនជាសមាជិក និង ចាប់ដៃគូរបស់ស្ថាប័នទាំងពីរនេះ យើងក៏មានការផ្តល់ជូនដ៏អស្ចារ្យគឺសេវាត្រឹមតែ១ដុល្លារប៉ុណ្ណោះសម្រាប់ការវេរទៅកាន់ទីផ្សារ និង ប្រទេសទាំង១២ខាងលើ ដែលវានឹងផ្តល់នូវផលចំណេញយ៉ាងច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេសដែល កំពុងស្នាក់ នៅក្នុងប្រទេសកម្ពុជា អាចវេរលុយទៅកាន់ដៃគូរកស៊ី សាច់ញាតិបងប្អូន និងមិត្តភត្តិដែលកំពុង រស់នៅតាមបណ្តាលប្រទេសខាងលើភ្លាមៗ និង ប្រកបដោយសុវត្ថិភាព។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងថា “ ការចាប់ដៃគូសហការនះគឺជាមោទកភាពមួយ របស់ អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេ ដែលដាក់ឲ្យប្រើប្រាស់សេវាផ្ទេរប្រាក់ក្រៅប្រទេសតាមរយៈការវេរលុយទៅកាន់ កាត UnionPay។ ក្នុងរយៈពេលជាង ១ឆ្នាំចុងក្រោយនេះយើងបានពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិរជាច្រើនក្រោមកិច្ចសហការល្អ ជាមួយដៃគូផ្ទេរប្រាក់ក្រៅប្រទេសធំៗ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងបណ្តាញប្រតិបត្តិការរឹងមាំ ដូចជា UnionPay International ជាដើម។ យើងនឹងនៅតែបន្តពង្រីក និងពង្រឹងសក្តានុពលសេវាផ្ទេរទាំងក្នុង និងក្រៅប្រទេសឲ្យបានកាន់តែទូលំទូលាយ និងបំពេញតម្រូវការ អតិថិជនយើងប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងទំនុកចិត្តខ្ពស់។ បើទោះបីជាស្ថិតនៅក្នុងកាលៈទេសៈគំរាមកំហែងពីជំងឺកូវីដ-១៩ យ៉ាងណាក្តី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរតាមរយៈការបង្កើតឲ្យមានផលិតផល និងសេវាកម្មថ្មីៗដើម្បីបំពេញតម្រូវការរបស់ អ្នកប្រើប្រាស់ ស្របតាមសម័យកាលឌីជីថល ដូចជាសេវាបើកគណនីធនាគារដោយខ្លួនឯង សេវាធនាគារចល័ត AMK Mobile កម្ចីឌីជីថល ឬ កម្ចីអនឡាញ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀត ដែលកំពុងបម្រើដល់តម្រូវការរបស់អ្នកប្រើប្រាស់ទាំងនៅក្នុង និងក្រៅប្រទេស។“
ដើរស្របតាមទស្សនៈវិស័យប្រទេសក្នុងវិស័យហិរញ្ញវត្ថុ និងសន្ទុះកើនឡើងនៃការកាត់បន្ថយការចរាចរណ៍ជាសាច់ប្រាក់សុទ្ធ យើងពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានក្លាយជាដៃគូរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលនាំមុខគេក្នុងប្រទេស ដូចជា អេ អឹម ខេ។ យើងរំពឹងទុកថា កិច្ចសហការនេះ នឹងផ្តល់ជូនអតិថិជន អេ អឹម ខេ និងអ្នកប្រើប្រាស់កាត UnionPay នូវសេវាកម្មវេរលុយក្នុង និងឆ្លងប្រទេស លឿនរហ័ស សន្សំសំចៃ និងសុវត្ថិភាពខ្ពស់ ជាមួយបណ្តាញប្រតិបត្តិការយ៉ាងទូលំទូលាយជាសកលរបស់ UnionPay។ យើង ទន្ទឹងរង់ចាំបន្តកិច្ចសហការជាមួយ អេ អឹម ខេ ដើម្បីនំាមកជូននូវសេវាទូទាត់បែបឌីជីថលដែលនាំមុខគេ សម្រាប់អ្នកប្រើប្រាស់ទាំងអស់។ នេះ ជាការលើកឡើងរបស់កញ្ញា លាង ចិន្តា នាយិកាប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុនអន្តរជាតិ UnionPay Internationall នៅក្នុងប្រទេសកម្ពុជា។
ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែ1$ ទៅកាន់ទីផ្សា និង ប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និង ចុះឈ្មោះប្រើប្រាស់កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk… ឬ អាចបើកគណនីដោយខ្លួនឯងបានភ្លាមៗប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay” និង បំពញព័ត៌មានចាំបាច់ ឬ អាចទាក់ទងសួរព័ត៌មានបន្ថែម តាមរយៈលេខ 023 22 02 02 / 1800 200 200 ដើម្បីធ្វើប្រតិបត្តិការវេរលុយរហូតដល់ ៥ ០០០ដុល្លារ ក្នុងមួយថ្ងៃ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ៖
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែ សីហា ឆ្នាំ ២០២១ អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។