អេ អឹម ខេ សហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម ទូទាំងប្រទេស
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានសហការជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍កសិកម្មទូទាំងប្រទេសដែលជាសមាជិករបស់សម្ព័ន្ធ។ តាមរយៈការសហការនេះ អ្នកជំនាញកសិកម្ម បាន លើកឡើងថាវានឹងជួយដល់សហគមន៍កសិកម្មតូចៗនៅប្រទេសកម្ពុជាមានការអភិវឌ្ឍជាងមុន ព្រោះពួកគេនឹងមានទុន បន្ថែមដែលជាជំនួយក្នុងការផលិត និងពង្រីកទីផ្សារផងដែរ។
សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា គឺជាស្ថាប័នមួយដែលមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាល ដែលការងារចម្បងរបស់សម្ព័ន្ធគឺបង្កើត និងគ្រប់គ្រងសហគមន៍កសិកម្មនៅកម្ពុជា ក្នុងការផ្តល់ជំនួយផ្នែកបច្ចេកទេស និងជំនួយផ្សេងៗទៀត។ គិត មកត្រឹមពេលនេះ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាមានសមាជិកចំនួនជិត១.២០០សហគមន៍កសិកម្មទូទាំងប្រទេស។ ចាប់ តាំងពីពេលបង្កើតសម្ព័ន្ធតែងតែបង្កើតកម្មវិធីផ្សេងៗ ជាពិសេសសហការជាមួយដៃគូអភិវឌ្ឍដើម្បីជួយសមាជិករបស់ខ្លួន។ ជាលទ្ធផលគ្រប់សហគមន៍កសិកម្មកម្ពុជា ដែលជាសមាជិករបស់សម្ព័ន្ធមានការរីកចម្រើនគួឲ្យកត់សម្គាល់ក្នុង រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះបីមានការអភិវឌ្ឍមែនក្តី ប៉ុន្តែគេបានសង្កេតឃើញថា បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាជាច្រើនទៀតនោះគឺ ការកង្វះទុន ឬការទទួលបានកម្ចីពីស្ថាប័នហិរញ្ញវត្ថុជាបញ្ហាប្រឈមធំបំផុងរបស់ពួកគេ។ ដូចនេះហើយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាតែងតែស្វែងរកដៃគូសហការ ជាពិសេសស្ថាប័នហិរញ្ញវត្ថុដើម្បីធ្វើយ៉ាងណាឱ្យសមាជិករបស់ខ្លួនទទួលបានសេវាហិរញ្ញវត្ថុយ៉ាងងាយស្រួល។.”
លោក ឧកញ្ញា ហង់ សុគន្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបានមានប្រសាសន៍ថា “សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាបាន នឹងកំពុងយកចិត្តទុកដាក់បំផុងចំពោះសមាជិកគឺ ការពង្រីទីផ្សារ ការទទួលបាននូវផលិតភាពខ្ពស់ និង តម្លៃប្រកួតប្រជែងលើទីផ្សារនាំចេញ”។ លោក សុគន្ធ បានបន្តដូច្នេះថា “ការផលិតតាមបែបសហគមន៍ ដែលកសិករយើងចង់បាននោះគឺ ជំនួយផ្នែកបច្ចេកទេស និង ដើមទុន ដើម្បីជួយដល់ការផលិត និងការគ្រប់គ្រង់ច្បាស់លាស់ផ្នែកទីផ្សារ។ ដូចនេះ យើងត្រូវការវិនិយោគ និងជំនួយបន្ថែមពីគ្រប់ស្ថាប័ន ជាពិសេសរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធនានា ដើម្បីឱ្យសហគមន៍កសិកម្មកាន់តែមានការរីកចម្រើននៅថ្ងៃអនាគត”។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ទស្សនវិស័យរបស់ អេ អឹម ខេ គឺ ជួយប្រជាជនក្រីក្រ ធានាឱ្យពួកគាត់ទទួលបានសេវាហិរញ្ញវត្ថុគ្រប់ៗគ្នាដើម្បីយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍជីវភាពរបស់ពួកគាត់។ ជាពិសេសប្រជាកសិករដែលត្រូវការទុនបន្ថែមក្នុងការពង្រីករបរកសិកម្មរបស់គាត់”។ បើយោងតាមលោក គា បូរាណ កម្ចីដែល អេ អឹម ខេ បានផ្តល់ឱ្យអតិថិជនរបស់ខ្លួនគឺ ភាគច្រើនអតិថិជនយកទៅប្រើប្រាស់ក្នុងការធ្វើកសិកម្ម។ លោក បូរាណ សង្ឃឹមយ៉ាងមុតមាំថា “ការសហការជាមួយ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា នឹងជួយដល់សហគមន៍កសិកម្មនៅកម្ពុជាមានទុនបន្ថែមក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ ក្នុងការស្វែងរកទីផ្សារបន្ថែម និងពង្រីកសមត្ថភាពក្នុងការផលិត។ ជាលទ្ធផល វានឹងជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែរីកចម្រើនមួយកម្រិតបន្ថែមទៀត ដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាង”។
អំពី អេ អឹម ខេ
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៩០ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣៧៤ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៩១លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និង ភ្នាក់ងារជាង ៥.០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) និងជាពិសេសគឺកម្មវិធីធនាគារចល័ត អេ អឹម ខេ (AMK Mobile Banking App)។