២០១៩ ជាឆ្នាំនៃនវានុវត្តន៍ និងផលិភាពការងារ
ខេត្តសៀមរាប៖ ២០១៩ គឺជាឆ្នាំ ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ខណៈពេលដែលគ្រឹះស្ថានបានដាក់ឲ្យមានផលិតផលប្រាក់កម្ចីសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម ដែលមានទំហំទឹកប្រាក់រហូតដល់១០ម៉ឺនដុល្លា។ ទន្ទឹមនេះដែរ គ្រឹះស្ថាន ក៏បានដាក់ឲ្យមានសេវាបង់រំលស់ ដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺ គ្រឹះស្ថានបាន និងកំពុងតែដាក់ឲ្យប្រើប្រាស់សាកល្បង សេវាធនាគារចល័ត (Mobile Banking)។ នេះបើតាមសម្តីរបស់ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ក្នុងកិច្ចប្រជុំគណៈគ្រប់គ្រង កាលពី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានរៀបចំកិច្ចប្រជុំថ្នាក់គ្រប់គ្រងប្រចាំឆ្នាំរបស់ខ្លួនក្រោមប្រធានបទ “ ឆ្នាំនៃនវានុវត្តន៍ និងផលិភាពការងារ” ដើម្បីបង្ហាញពីលទ្ធផលការងារដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ២០១៩ ផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំបន្ទាប់ ក៏ដូចជាឱកាសអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់បុគ្គលិក និងក្រុមការងារ ដែលសម្រេចបានជោគជ័យកន្លងមក។
លោក គា បូរាណ បានលើកឡើងដូចនេះថា “នៅក្នុង ឆ្នាំ២០១៩ នេះ អេ អឹម ខេ បានផ្តល់ឥណទានជូនអតិថិជនមានការកើនឡើងប្រមាណជា១០% និងផលបត្រឥណទានមានកំណើនប្រមាណជា ៣០% បើប្រៀបនឹងឆ្នាំ២០១៨។ នេះជាសញ្ញាណជាវិជ្ជមាន ដែលបង្ហាញឲ្យឃើញថា អេ អឹម ខេ នៅតែបន្តទទួលបានការគាំទ្រ និងជឿជាក់កាន់តែខ្លាំងឡើងពីអតិថិជនរបស់ខ្លួន។ លោកប្រធាននាយកប្រតិបត្តិ បានបន្តទៀតថា “កំណើនសមតុល្យនៃប្រាក់កម្ចីនេះ ដោយសារតែ អេ អឹម ខេ ផ្តល់កម្ចីខ្នាតតូចដល់ប្រជាពលរដ្ឋរស់នៅតាមជនបទ និងបន្តអភិវឌ្ឍផលិតផលថ្មីៗដូចជា សេវាបង់រំលស់ និងកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម។” លោកបានបន្ថែមទៀតថា “ដើម្បីដើរឲ្យទាន់សម័យបច្ចេកវិទ្យាទំនើប អេ អឹម ខេ បាន និងកំពុងតែវិនិយោគលើបច្ចេកវិទ្យាថ្មីៗ ជាពិសេស សេវាធនាគារចល័ត ដែលយើងសង្ឃឹមថា នឹងដាក់ឲ្យអតិថិជនប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗ ខាងមុខនេះ។”
ក្នុងកិច្ចប្រជុំនេះដែរ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការអនុវត្តការងាររបស់បុគ្គលិកទំាងអស់ ដោយមិនគិតពីពេលវេលា និងការនឿយហត់ដើម្បីសម្រេចគោលដៅ និងភាពរីកចម្រើនរបស់ អេ អឹម ខេ រហូតដល់សព្វថ្ងៃនេះ ហើយលោកបានលើកទឹកចិត្តបុគ្គលិកទំាងអស់ឲ្យបន្តការខិតខំប្រឹងប្រែងសម្រាប់ឆ្នាំបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសនេះ ក៏មានការប្រគល់ពានរង្វាន់ផ្សេងៗដល់បុគ្គលិកភក្តីភាព បុគ្គលឆ្នើម និងសាខាឆ្នើម ដែលបានសម្រេចគោលដៅការងាររបស់ខ្លួនក្នុងឆ្នាំកន្លងទៅផងដែរ។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹមខែតុលា ឆ្នាំ ២០១៩ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៨៨ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ៣១៥ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង១៧៧ លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៤៩ កន្លែង និងមានភ្នាក់ងារជាង ៥០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជាសេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។