អេ អឹម ខេ ផ្តល់ជូនឱកាសការងារចំនួនជាង២០០កន្លែង
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ប្រកាសផ្តល់ជូនឱកាសការងារចំនួនជាង២០០កន្លែង ឆ្នាំ២០១៧ នៅក្នុងការតាំងពិព័រណ៍ការងារថ្នាក់ជាតិ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ០៥-០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ដែលផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អេ អឹម ខេ មានការរីកចម្រើនទាំងតំបន់ប្រតិបត្តិការ ផលបត្រឥណទាន ចំនួនអតិថិជន ជាពិសេសចំនួនបុគ្គលិកមានការកើនឡើងគួឲ្យកត់សម្គាល់ គឺពីចំនួនជាង១.៧០០ ក្នុងឆ្នាំ២០១៤ ទៅ ២.១២៦ ក្នុងឆ្នាំ២០១៥ និងកើនឡើងដល់ ២.៣៣៣ គិតត្រឹមខែកញ្ញា ឆ្នាំ២០១៦នេះ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននេះ អេ អឹម ខេ បាន និងកំពុងតែផ្តល់ឱកាសការងារជាច្រើនកន្លែងដល់បេក្ខជន ដែលមានបំណងចង់អភិវឌ្ឍជំនាញ ចំណេះដឹង ជាមួយ អេ អឹម ខេ។
សំណួរបានលើកឡើងថា ហេតុអ្វីត្រូវចាប់ផ្តើមអាជីពការងារ ឬជ្រើសរើស អេ អឹម ខេ ជាកន្លែងធ្វើការរបស់អ្នក? អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្ស បានលើកឡើងថា “បុគ្គលិកគឺជាកម្លាំងចលករដ៏សំខាន់របស់ក្រុមហ៊ុន ដូចនេះហើយទើប អេ អឹម ខេ បានបង្កើតគោលនយោបាយ និងបរិយាកាសការងារល្អៗ ជាមួយអត្ថប្រយោជន៍ដ៏ច្រើនដល់បុគ្គលិក ដែលអត្ថប្រយោជន៍សំខាន់ៗរួមមាន៖ ប្រាក់ខែទី១៣ ក្នុងឱកាសចូលឆ្នាំខ្មែរ ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រាក់ឧបត្ថម្ភសម្រាប់បុគ្គលិកដែលបម្រើការងារយូរ ប្រាក់រង្វាន់លើកទឹកចិត្ត ប្រាក់សោធនរហូតដល់៧%រៀងរាល់ខែ ប្រាក់ធានារ៉ាប់រងសុខភាព ១០០% សម្រាប់បុគ្គលិក និងអ្នកក្នុងបន្ទុក ធានារ៉ាប់រងគ្រោះថ្នាក់ ២៤ ម៉ោង ប្រាក់ឧបត្ថម្ភលើការសម្រាលកូន ជាពិសេសអាចព្យាបាលជម្ងឺនៅក្រៅប្រទេស ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត”។
អ្នកស្រីបានឲ្យដឹងទៀតថា “នៅក្នុងព្រឹត្តិការណ៍នេះ ជាឱកាសដ៏ពិសេសសម្រាប់សាធារណជន និងសិស្ស-និស្សិត ដែលកំពុង ឬ បញ្ចប់ការសិក្សា ក្នុងការស្វែងយល់ពីលក្ខខណ្ឌ និងទទួលយកការងារនៅ អេ អឹម ខេ”។ ឆ្លៀតនៅក្នុងឱកាសនេះដែរ អ្នកស្រីសូមគោរពអញ្ជើញសាធារណៈជន ជាពិសេសអ្នកដែលកំពុងតែស្វែងរកការងារធ្វើទាំងអស់ ឲ្យមកទស្សនាស្តង់ អេ អឹម ខេ គឺលេខ G25 និង G26 ដើម្បីទទួលបានព័ត៌មានលម្អិតពីឱកាសការងារនៅ អេ អឹម ខេ ឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយដើម្បីធ្វើការសម្រេចចិត្ត។ អ្នកដែលមានចំណាប់អារម្មណ៍លើមុខតំណែងណាមួយដែលត្រូវជំនាញ និងបទពិសោធន៍ការងារ អាចយក CV និង Covering Letter មកដាក់ដោយផ្ទាល់នៅស្តង់ អេ អឹម ខេ ទាំងពីរនេះ។ នេះជាឆ្នាំទី៦ហើយ ដែល អេ អឹម ខេ បានចូលរួមក្នុងការតាំងពិព័រណ៍ការងារថ្នាក់ជាតិ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែកញ្ញា ឆ្នាំ២០១៦ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួន ២.៣៣៣ អតិថិជនចំនួនជិត៥២ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ១៤៨លានដុល្លារអាមេរិក និង មានការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។