អេ អឹម ខេ ជាជម្រើសការងារល្អបំផុតសម្រាប់និយោជិត
ភ្នំពេញ៖ អេ អឹម ខេ គឺ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែជម្រុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបុគ្គលិកគ្រប់រូប ដែលកំពុងតែបម្រើការងារតាមរយៈ ការផ្តល់អត្ថប្រយោជន៍ ការអភិវឌ្ឍន៍អាជីពការងារ និងមានវប្បធម៌ ជាមួយបរិយា កាសការងារល្អ។ តាមរយៈកត្តាខាងលើនេះ ធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មិនត្រឹមតែអាចរក្សាបាន នូវធនធានមនុស្សដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទំាងមានការទាក់ទាញចំណាប់អារម្មណ៍ខ្ពស់ពីបេក្ខជនសក្តានុពល ជាច្រើននាក់នៅក្នុងមួយឆ្នាំៗផងដែរ។
ក្នុងថ្ងៃពិព័រណ៍ការងារ និងយុទ្ធនាការផលិតភាពជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៧-២៨ ខែតុលា ឆ្នាំ២០១៧ នៅ មជ្ឈមណ្ឌលពិព័រណ៍សន្និបាតកោះពេជ្រ អ្នកស្រី ពាំង ពិសាខ នាយិកាប្រតិបត្តិធនធានមនុស្សបានលើកឡើងថា “ក្នុងមួយឆ្នាំៗ អេ អឹម ខេ ទទួលបានពាក្យស្នើសុំបម្រើការងាររហូតជិត ១ម៉ឺននាក់ដែលនៅក្នុងនោះមានបេក្ខជនចំនួនប្រហែល៥០០នាក់ត្រូវបានជ្រើសរើសចូលបម្រើការងារនៅ អេ អឹម ខេ។ មូលហេតុដែល យើងតែងតែទទួល បានការចាប់អារម្មណ៍ ច្រើនពីបេក្ខជននានានោះ ដោយសារការសាបព្រោះនៃកិត្តិសព្ទរបស់ អេ អឹម ខេ ពីបុគ្គលម្នាក់ ទៅម្នាក់ទៀត និងការផ្សព្វផ្សាយទូលំទូលាយពីឱកាសការងារតាមរយៈមធ្យោបាយផ្សេងៗ ដូចជា វេបសាយឱកាស ការងារល្បីៗ ហ្វេសប៊ុក AMK MFI ការសែត បិទតាមសាកលវិទ្យាល័យ តាមការិយាល័យ អេ អឹម ខេ ទូទំាងប្រទេស ក៏ដូចជាមានការចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយពីឱកាសការងារផ្សេងជាដើម។”
ឆ្លើយតបសំណួរដែលលើកឡើងថាហេតុអ្វីបេក្ខជនគួរចាប់ផ្តើមអាជីពការងារជាមួយ អេ អឹម ខេ ? ស្របពេលនោះដែរ លោកស្រីបានលើកឡើងថា “ផ្អែកលើការសិក្សាស្រាវជ្រាវពីតម្រូវការរបស់និយោជិត អេ អឹម ខេ បានបន្តរៀបចំខ្លួនឲ្យ ក្លាយជាជម្រើសសម្រាប់និយោជិត តាមរយៈការផ្តល់នូវឱកាសដើម្បីអភិវឌ្ឍសមត្ថភាព ការផ្តល់ បរិយាកាសការងារល្អ និងការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក។ ដូច្នេះ គ្រប់បុគ្គលិកទំាងអស់នឹងទទួល បាននូវឱកាសអភិវឌ្ឍ ជំនាញ និងចំណេះដឹងបន្ថែម តាមរយៈកម្មវិធីបណ្តុះបណ្តាលខាងក្នុង និងខាងក្រៅ កម្មវិធីផ្លាស់ ប្តូរបទពិសោធន៍ (Rotation Program) ផែនការស្នង (Succession Program) ផែនការទំនាក់ទំនងបុគ្គលិក (Employee Connection Program) និងកម្មវិធីសម្រាប់អ្នកហាត់ការគ្រប់គ្រង (Management Trainee)។ លើសពីនេះទៀត ក្រៅពីទទួលបាននូវ អត្ថប្រយោជន៍ជាសាច់ប្រាក់ជាច្រើន អេ អឹម ខេ ក៏មានផ្តល់ជូន នូវការធានា រ៉ាប់រងសុខភាព ១០០% ទៅដល់បុគ្គលិក និងអ្នកក្នុងបន្ទុកផងដែរ។ កាន់តែពិសេសនោះ អេ អឹម ខេ បង្កើតឲ្យមាន វប្បធម៌ និងបរិយាកាសការងារដែលធ្វើឲ្យ បុគ្គលិកមានទំនាក់ទំនងល្អរវាងគ្នា នឹងគ្នា មានស្មារតីសាមគ្គីភាព មិនរើសអើង មានការសហការណ៍គ្នាល្អ និងការ ជម្រុញលើកទឹិកចិត្តបុគ្គលិកគ្រប់រូបឲ្យមានការឆ្នៃប្រឌិតស្របតាមសម័យកាល និងទីផ្សារបច្ចុប្បន្ន។
លោកស្រីបានបន្ថែមទៀតថា បុគ្គលិកប្រៀបបាននឹងសរសៃឈាមរបស់ក្រុមហ៊ុន ដូច្នេះការយកចិត្តទុកដាក់គ្រប់ជ្រុង ជ្រោយដល់បុគ្គលិកគឺជាសកម្មភាពស្នូលមួយរបស់ អេ អឹម ខេ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រីបានធ្វើការណែនំា ដល់អ្នកដែលកំពុង ស្វែងរកឱកាសការងារនៅ អេ អឹម ខេ ឲ្យអញ្ជើញចូលរួមទស្ស នាស្តង់ផ្សព្វផ្សាយរបស់ អេ អឹម ខេ ដែលមានទីតំាង G២៥ និង G២៦ដែលមានរយៈពេល២ថ្ងៃនេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងការប្រឹក្សាយោបល់ ពីមុខដំណែងនីមួយៗ ពាក្យស្នើសុំបម្រើការងារ ក៏ដូចជាអាចដាក់ពាក្យស្នើសុំការងារផងដែរ។
គួរកត់សម្គាល់ផងដែរថា អេ អឹម ខេ ដែលជាគ្រឹះស្ថានមីក្រូវហិរញ្ញវត្ថុ ផ្តោតទៅលើការជួយដល់ប្រជាពលរដ្ឋក្រីក្រ ភាគច្រើនក្នុងគោលបំណងជួយធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សមស្រប និងឋិតថេរ បច្ចុប្បន្ននេះកំពុងឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែកញ្ញា ឆ្នាំ២០១៧ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ២៥០០ នាក់ អតិថិជនចំនួនជិត ៦៦ម៉ឺននាក់ ជាមួយ នឹងផលប័ត្រប្រាក់កម្ចីជិត ១៩៥លានដុល្លារអាមេរិក និង មានការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធានារ៉ាប់រងបុគ្គល ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។