គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្រើប្រាស់ប្រាក់រៀលច្រើនជាងគេ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ត្រូវបានធនាគារជាតិនៃកម្ពុជាទទួលស្គាល់ ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលធ្វើចរាចរប្រាក់រៀលខ្មែរច្រើនជាងគេ។ ការប្រកាសទទួលស្គាល់នេះធ្វើឡើងនៅក្នុងទិវាអបអរសាទរការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញគម្រប់ ៣៦ឆ្នាំ (ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ ដល់ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៦) ដែលប្រារព្វធ្វើឡើងនៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៦ កន្លងទៅនេះ នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ទិវានេះរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា សហការជាមួយសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា (YEAC)។
គោលបំណងចម្បងនៃការប្រារព្វទិវានេះ គឺ ដើម្បីរំលឹកខួបនៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ព្រមទាំងដើម្បីគាំទ្រ និងលើកទឹកចិត្តឲ្យវិស័យឯកជន បង្កើនការប្រើប្រាស់ប្រាក់រៀលឡើងវិញ ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយស្មារតីស្ម័គ្រចិត្ត។ ទិវានេះក៏ជាវេទិកាដ៏សំខាន់មួយសម្រាប់វិស័យពាក់ព័ន្ធនានា ទាំងឯកជន និងសាធារណៈ ដើម្បីស្វែងយល់ពីសារៈសំខាន់នៃតួនាទីប្រាក់រៀលខ្មែរចំពោះសេដ្ឋកិច្ច និងសង្គមជាតិ ក៏ដូចជាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀល។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានមានប្រសាសន៍ ថា អេ អឹម ខេ មានមោទនភាពបានក្លាយជាគ្រឹះស្ថានដែលធ្វើចរាចរប្រាក់រៀលច្រើនជាងគេ ដែលនេះជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តប្រើប្រាស់ប្រាក់រៀល ដែលសព្វថ្ងៃនេះ មានត្រឹមតែ ១០% ប៉ុណ្ណោះ។ លោកបានបន្ថែមថា “ការប្រើប្រាស់ប្រាក់រៀលជួយលើកស្ទួយជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ”។ លោក គា បូរាណ ក៏បានបញ្ជាក់បន្ថែមថា អេ អឹម ខេ នឹងបន្តប្រឹងប្រែងជំរុញការប្រើប្រាស់ប្រាក់រៀលនេះបន្តទៀត ព្រោះអតិថិជនរបស់ អេ អឹម ខេ ភាគច្រើនជាប្រជាពលរដ្ឋក្រីក្រនៅតាមជនបទ ដូចនេះពួកគេត្រូវការប្រាក់រៀលខ្មែរជាងរូបិយប័ណ្ណបរទេស។ ក្រៅពីការផ្តល់ប្រាក់កម្ចីជាប្រាក់រៀលដល់អតិថិជន អេ អឹម ខេ ក៏ ផ្តោតទៅលើការប្រមូលប្រាក់សន្សំជាប្រាក់រៀលផងដែរ។ ជាក់ស្តែង ប្រមាណជិត ៨០% នៃកម្ចី របស់ អេ អឹម ខេ និង ៦៥% នៃសមតុល្យប្រាក់សន្សំសរុប ជាប្រាក់រៀលខ្មែរ គិតត្រឹម ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥។
គួរបញ្ជាក់ផងដែរថា អេ អឹម ខេ មិនមែនត្រឹមតែជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលប្រើប្រាស់ប្រាក់រៀលច្រើនជាងគេ ប៉ុណ្ណោះទេ ហើយ អេ អឹម ខេ ក៏ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលមានចំនួនអតិថិជនច្រើនជាងគេបំផុតផងដែរ។