ពាន​រង្វាន់​បាល់​ទាត់ អេ អឹម ខេ ២០១៦


       ភ្នំពេញៈ
 កម្មវិធីប្រកួតបាល់ទាត់ដើម្បីដណ្តើមពានរង្វាន់ អេ អឹម ខេ ឆ្នាំ២០១៦ បានចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ដោយមានក្រុមកីឡាករសរុបចំនួន ៣១ក្រុម មកពីគ្រប់សាខា អេ អឹម ខេ ទូទាំងប្រទេស។ កម្មវិធីនេះត្រូវបាន​រៀប​ចំឡើងក្នុងគោលបំណងដើម្បីបង្កើនចំណងមិត្តភាព សុខភាព និងសហប្រតិបត្តិការកាន់តែជិតស្និតរវាងបុគ្គលិក អេ អឹម ខេ ទាំងអស់។

      គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ ភីអិលស៊ី ក្រៅពីជួយ​ដល់ប្រជាពលរដ្ឋក្រីក្រតាម​រយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ សមស្រប អេ​ អឹម ខេ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដល់បុគ្គលិករបស់ខ្លួនជាច្រើនដូជា៖ ការកសាងក្រុមការងារ ការចូលរួមក្នុងសកម្មភាពការងារសង្គមនានា និងជាពិសេសការលើកទឹកចិត្តបុគ្គលិកទាំងអស់ឲ្យចូលរួមលេងកីឡាគ្រប់ៗគ្នាដើម្បីលើកកម្ពស់សុខមាលភាព ។

      លោក សួន ពិសី នាយកប្រតិបត្តិឥណទាន និងជាប្រធានគណៈកម្មការបាល់ទាត់បានមានប្រសាសន៍ថា “កីឡា​នាំមកនូវសុខភាព និងមិត្តភាព។ អេ អឹ ខេ យល់ឃើញថា ការបង្កើតអោយមានកម្មវិធីប្រកួតបាល់ទាត់នេះឡើងក្នុងគោលបំណងបង្កើតឲ្យមានភាពរីករាយស្និទស្នាលក្នុងរង្វង់គ្រួសារ អេ អឹម ខេ ហើយថែមទាំងជួយអោយបុគ្គលិកទទួលបានសុខភាពល្អទៀតផង”។ បើយោងតាមលោក​ប្រធានគណៈកម្មការកម្មវិធីពានរង្វាន់​ឆ្នាំនេះ​គឺមានលក្ខណៈពិសេសជាងរាល់ឆ្នាំ ព្រោះឆ្នាំនេះប្រាក់រង្វាន់លើកទឹកចិត្ត នឹងកើនដល់ចំនួន ​២លានរៀល​ចំពោះក្រុម​ដែល​ទទួលជ័យលាភីលេខ១។

      អេ អឹម ខេ បានបង្កើតឲ្យមានកម្មវិធីប្រកួតពានរង្វាន់បាល់ទាត់នៅក្នុងឆ្នាំ២០០៨។ មកដល់ពេលនេះគឺមានរយៈពេល​ ៩ឆ្នាំ​ហើយ។ នៅក្នុងឆ្នាំ២០១៥ បន្ទាប់ពីធ្វើការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេលប្រមាណ៥ខែមក យើងបាន រកឃើញ​អ្នក​គ្រងដំណែងជើងឯកគឺបានទៅលើក្រុមកីឡាករបាល់ទាត់មកពីសាខាកំពង់ធំ។

      គួរបញ្ជាក់ផងដែរថា ចំពោះសមាសភាពក្រុម ដែលអាចចូលរួមក្នុងការប្រកួត គឺអនុញ្ញាតអោយតែបុគ្គលិក​របស់​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ​ អឹម ខេ តែប៉ុណ្ណោះ។ សាធារណជនដែលមកពីខាងក្រៅមិនមែនជាបុគ្គលិករបស់គ្រឹះស្ថាន មិនត្រូវបានអនុញ្ញាតឲ្យចូលលេងក្នុងការប្រកួតទេ។