ធានារ៉ាប់រងសុខភាពខ្នាតតូច អេ អឹម ខេ ទទួលបានការគាំទ្រលើសពីការរំពឹងទុកក្នុង ឆ្នាំ ២០១៧
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី អបរសាទរចំពោះការទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ក្រោមការសហការជាមូយដៃគូក្រុមហ៊ុនធានារា៉ប់រងក្នុងការផ្តល់គោលនយោបាយធានារ៉ាប់រងសុខភាពខ្នាតតូចជូន អតិថិជនកម្ចីរបស់គ្រឹះស្ថានក្នុងឆ្នាំ២០១៧ ព្រោះការលក់គោលនយោបាយសេវាធានារ៉ាប់រងសុខភាពខ្នាតតូចនៅឆ្នាំ ២០១៧ នេះ គឺមានការកើនឡើងលើសពីការរំពឹងទុក។
ការអបអរសាទរនេះ ត្រូបានធ្វើឡើងនៅក្នុង សិក្ខាសាលាគណៈគ្រប់គ្រងកាលពីថ្ងៃទី ២៤ ធ្នូ ២០១៧ នៅសណ្ឋាគារសុខា ទឹកដីអង្គរ ខេត្តសៀមរាប។ សិក្ខាសាលាគណៈគ្រប់គ្រងនេះ ត្រូវបានរៀបចំឡើងក្នុង គោលបំណង៖ (១) បង្ហាញអំពីសមិទ្ធិផលសំខាន់ៗដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ ២០១៧ និងទិសដៅ សម្រាប់ឆ្នាំ២០១៨ (២) ថ្លែងអំណរគុណដល់ គណគ្រប់គ្រងដែលបានប្រឹងប្រែងបំពេញការងារ យ៉ាងសកម្ម ជួយឲ្យ អេ អឹម ខេ ទទួលបាន ជោគជ័យទៅតាមផែនការអាជីវកម្មក្នុងឆ្នាំ២០១៧កន្លងមក (៣) ផ្តល់ឱកាស ដល់គណគ្រប់គ្រង ទាំងអស់បានជួបសំ ណេះសំណាល ផ្លាស់ប្តូរ បទពិសោធន៍ និងរឹតចំណងមិត្តភាពគ្នាទៅ វិញទៅមក។
ថ្លែងនៅក្នុងសិក្ខាសាលា លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងដូច នេះថា “ឆ្នាំ២០១៧ គឺជាឆ្នាំដែល អេ អឹម ខេ ទទួលបានជោគជ័យយ៉ាងខ្លាំងលើ គោលនយោបាយធានារ៉ាប់ រងសុខភាពខ្នាត តូចដល់អតិ ថិជនកម្ចីរបស់យើង។ ព្រោះការលក់មានការកើនឡើងលើសពីការរំពឹងទុក។” លោកប្រធាននាយកប្រតិបត្តិ បានបន្ត ទៀតថា “ការរីកចម្រើននេះ គឺដោយសារតែ បុគ្គលិក អេ អឹម ខេ គ្រប់កំរិតមានការតាំងចិត្តខ្ពស់ និងបានចូលរួម យ៉ាងសកម្មគ្រប់សកម្មភាពនានាក្នុងការអនុវត្តន៌ការងានេះ។ ជាងនេះទៅទៀតក៌ដោយសារតែអតិថិជនកាន់តែយល់ ច្បាល់ពីអត្ថប្រយោជន៍របស់សេវាធានារាប់សុខភាពខ្នាតតូចនេះផងដែ”។
គួរម្លឹកផងដែរថា ក្រៅពីផ្តល់សេវាធានារ៉ាប់រងសុខភាពខ្នាតតូចលើគ្រោះថ្នាក់ និងសុខភាពសម្រាប់អតិថិជនកម្ចី អេ អឹម ខេ អេ អឹម ខេ ក៏បានផ្តល់សេវាហិរញ្ញវត្ថុផ្សេងទៀតដូចជា សេវាកម្ចី សន្សំ ផ្ទេរប្រាក់ ទូទាត់ បើកប្រាក់បៀវត្សរ៍ និងសេវា ផ្សេងៗទៀតផងដែរ។ សេវាធានារ៉ាប់រងសុខភាពខ្នាតតូចត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងឆ្នាំ២០១៥។ ចំនួនគោល នយោបាយនេះដែលបានលក់ មានការកើនឡើងជាលំដាប់ពី មួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០១៥ គោល នយោបាយដែលបានលក់មានចំនួនជាង១២ម៉ឺន និងបានកើនឡើងរហូតដល់ជាង១៨ម៉ឺន នៅក្នុងឆ្នាំ២០១៦ ហើយ កើនឡើងរហូតដល់ជាង២៨ម៉ឺន គិតត្រឹម ខែវិច្ឆកា ឆ្នាំ២០១៧នេះ គឺស្មើប្រមាណជាង៨០% នៃចំនួនអតិថិជនកម្ចី អេ អឹម ខេ។
លោកប្រធានប្រតិបត្តិបានមានប្រសាសន៍យ៉ាងដូច្នេះថា នៅឆ្នាំ២០១៨ ខាងមុខ អេ អឹម ខេ នៅតែ បន្តបេសកកម្មរបស់ ខ្លួនក្នុងការផ្តល់សេវាប្រាក់កម្ចីជូនដល់ប្រជាជនដែលមានចំណូលទាប។ ទន្ទឹមគ្នានេះដែរ អេ អឹម ខេ នឹងខិតខំប្រឹងប្រែង បន្ថែមផ្សព្វផ្សាយសេវាសន្សំនៅ ជាពិសេសនៅតាមតំបន់ជនបទ ឲ្យប្រជាពល រដ្ឋយល់កាន់តែច្បាស់ អំពីអត្ថប្រយោជន៍ នៃការរៀបចំផែនការហិរញ្ញវត្ថុគ្រួសារ និងការសន្សំប្រាក់។ យើងមិនចង់ឲ្យគាត់សន្សំប្រាក់តាមរបៀបបូរាណ ដោយសារវា មានហានិភ័យខ្ពស់។ លោកបានបន្តទៀតថា សេវាធានារ៉ាប់រងសុខភាពខ្នាតតូចនៅតែអាទិភាពរបស់យើង ជាពិសេស សេវាធានារ៉ាប់រងដំណាំផ្អែកលើសន្ទស្សន៍អាកាសធាតុ ព្រោះវានឹងជួយលើកកម្ពស់វិស័យកសិកម្មនៅប្រទេសរបស់យើង ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិ ជនប្រាក់កម្ចី។ គិតត្រឹម ខែវិច្ឆកា ឆ្នាំ២០១៧ នេះ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់៨៩% នៃចំនួនភូមិសរុបទូទាំង ប្រទេស មានបុគ្គលិកសរុបជាង ២.៤០០នាក់ អតិថិជនសរុបជាង៦៨ម៉ឺននាក់ ជាមួយនឹងផលបត្រប្រាក់កម្ចីជាង២០៤ លានដុល្លារអាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែង និងមានភ្នាក់ងារជាង៣.០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាត តូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM)។