អេ អឹម ខេ បន្តសកម្មភាពគំាទ្រសុខភាពកុមារកម្ពុជា តាមរយៈមន្ទីរពេទ្យគន្ធបប្ផា
រាជធានីភ្នំពេញៈ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដឹកនាំដោយ លោក ណាង គីណាល់ នាយកប្រតិបត្តិទីផ្សារ និងទំនាក់ទំនង នំាយកទឹកប្រាក់បរិច្ចាគចំនួន ១៨ លានរៀន ប្រគល់ជូនតំណាង មន្ទីរពេទ្យគុន្ធបុប្ផា នៅទីតំាងវត្តភ្នំ។ ថវិកាទំាងនេះ គឺជាទឹកចិត្តសម្បុរសរបស់គណៈគ្រប់គ្រង ក៏ដូចជាបុគ្គលិក អេ អឹម ខេ ទូទាំងប្រទេស ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងឲ្យតម្លៃដល់សុខភាពកុមារកម្ពុជា ដើម្បីឲ្យពួកគាត់ មានសុខភាពល្អ ជាពិសេសចង់ឃើញពួកគាត់មានឱកាសបានចូលរៀនគ្រប់ៗគ្នា ព្រោះកុមារគឺជាទំពាំងស្នងឬស្សី។
ដោយមានបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ អេ អឹម ខេ មានគោលដៅសំខាន់ពីរ ដែលត្រូវសម្រេចឲ្យបាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។ ជាក់ស្តែងក្នុងឆ្នាំ ២០១៧ អេ អឹម ខេ បានចូលរួមលើកកម្ពស់ការងារសង្គមជាច្រើនកន្លងមក ដោយការងារទាំងនោះរួមមាន៖ (១) ចូលរួមគាំទ្រគម្រោងអង្គការស្នាមញញឹមកម្ពុជា ដើម្បីធ្វើការវះកាត់មាត់ ឆែប ក្រអូមឆែប មាត់ធ្មេញ និងពិការមុខមាត់ផ្សេងៗ ដល់កុមារកម្ពុជាដោយឥតគិតថ្លៃ (២) ចូលរួមគាំទ្រឧបត្ថម្ភថវិកា ដល់និស្សិត ក្រីក្រនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(៣) ចូលរួមគាំទ្រកម្មវិធីជើងឯកនិយាយភាសារខ្មែរជាសាធារណៈ និង កម្មវិធីសង្គម ផ្សេងៗជាច្រើនទៀត។
ថ្លែងនៅក្នុងពិធីប្រគល់ថវិកាជូនមន្ទីរពេទ្យគុន្ធបុប្ផា លោក ណាង គីណាល់ បានលើកឡើងថា “អេ អឹម ខេ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើឲ្យសម្រេចគោលដៅកិច្ចការសង្គមរបស់ខ្លួន។ ពីមួយឆ្នាំទៅមួយឆ្នាំ គណៈគ្រប់គ្រង អេ អឹម ខេ តែងតែ ជំរុញឲ្យមានវប្បធម៌ចែករំលែកល្អៗ ដើម្បីជួយដល់សង្គម ហើយថវិកាដែលបានមកនេះ ក៏មានការចូលរួមពីបុគ្គលិក អេ អឹម ខេ យើងផងដែរ”។ លោក គីណាល់ បានបន្ថែមទៀតថា “ដោយសារតែមានការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិក អេ អឹម ខេ ទាំងអស់ បច្ចុប្បន្ននេះ អេ អឹម ខេ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែល អនុវត្តយ៉ាងពេញលេញ ទៅតាមគោលការណ៍ការពារអតិថិជនពី SMART CAMPAIGN ដែលជាស្ថាប័នអន្តរជាតិ បង្រួបបង្រួមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងពិភពលោក ឲ្យមានគោលដៅរួម គឺអនុវត្តឲ្យបានពេញលេញទៅតាមគោលការណ៍ការពារអតិថិជន”។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អេ អឹម ខេ មានបុគ្គលិកសរុបចំនួនជិត ២.៥០០នាក់ អតិថិជនចំនួនជិត ៦៨ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២០៥ លានដុល្លារអាមេរិក និងមានការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និង មានភ្នាក់ងារជាង ៣.០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើន កំពុងផ្តល់ជូន អតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។