អេ អឹម ខេ ធ្វើទំនើបកម្មប្រព័ន្ធស្វីច (SWITCH) ថ្មីដើម្បីឆ្លើយតបទៅនឹងកំណើន សេចក្តីត្រូវការសេវាហិរញ្ញវត្ថុរបស់អតិថិជន
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹងធ្វើទំនើបកម្មប្រព័ន្ធស្វីច (SWITCH) ថ្មី Smart Vista ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៦ មីនា ២០១៨ នេះតទៅ។ ការធ្វើទំនើបកម្មប្រព័ន្ធស្វីច (SWITCH) ថ្មីនេះ គឺក្នុងគោលបំណង ផ្តល់សេវាជូនអតិថិជនរបស់យើងកាន់តែលឿនរហ័សទាន់ចិត្តជាងមុន មានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់ ជាពិសេសជួយ កាត់បន្ថយការកត់ត្រាដោយដៃនៅតាមភ្នាក់ងារ ផ្តល់ភាពងាយស្រួល និងធ្វើប្រតិបត្តិការមានប្រសិទ្ធភាពជាងមុន។
ដើម្បីទុកពេលឲ្យ ក្រុមការងារបស់យើងធ្វើកិច្ចការនេះបានយ៉ាងរលូន នៅមុនថ្ងៃដែលប្រព័ន្ធនេះត្រូវបានផ្លាស់ប្តូរ អេ អឹម ខេ នឹងផ្អាកសេវានៅតាម ការិយាល័យ ម៉ាស៊ីន ATM/CDM និងភ្នាក់ងារ ចំនួន៣ថ្ងៃ គឺចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២៣ ដល់ ម៉ោង៦ព្រឹកថ្ងៃទី២៦ មីនា ២០១៨។ រាល់ប្រតិបត្តិការទាំងអស់នឹងដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី២៦ មីនា ឆ្នាំ២០១៨ តទៅ។
គួរឲ្យកត់សម្គាល់ដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អតិថិជនរបស់ អេ អឹម ខេ មានការកើនឡើងជាលំដាប់។ ពោលគឺនៅក្នុងឆ្នាំ ២០១៥ អេ អឹម ខេ មានអតិថិជនត្រឹមតែជាង ៤៨ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែចំនួនអតិថិជនមានការកើនឡើងរហូតដល់ជាង៥៨ម៉ឺននាក់ក្នុងឆ្នាំ២០១៦។ គិតត្រឹមខែមីនា ២០១៨ នេះ អតិថិជន អេ អឹម ខេ បានកើនឡើងរហូតដល់ជាង ៦៨ម៉ឺននាក់។
បើយោងតាមលោក ហួត សុខា ប្រធាននាយកប្រតិបត្តិអាជីវកម្ម (សន្សំ និងបណ្តាញ)បានឲ្យដឹងថា កត្តាអតិថិជន កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំក៏ជាចំណែកមួយដែលធ្វើឲ្យយើងផ្លាស់ប្តូរប្រព័ន្ធនេះផងដែរ។ លោក សុខា បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនរបស់បច្ចេកវិទ្យារបស់ពិភពលោក និងជាពិសេសដើម្បីធ្វើឲ្យប្រព័ន្ធប្រតិបត្តិការរបស់យើងមានប្រសិទ្ធភាពជាងមុន កាត់បន្ថយការចំណាយ និងដើម្បីបំពេញតម្រូវការអតិថិជន ការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗជាជម្រើសរបស់យើង។ លោកបានបញ្ជាក់ដូច្នេះថា ការផ្លាស់ប្តូរមកប្រើប្រព័ន្ធស្វីច (SWITCH) ថ្មី Smart Vista នេះវានឹងធ្វើឲ្យប្រព័ន្ធប្រតិបត្តិការ អេ អឹម ខេ មានសមត្ថភាព ខ្ពស់ជាងមុន មានភាពងាយស្រួល និងបត់បែន ជាពិសេសវានឹងផ្តល់ឱកាសឲ្យយើងបន្ថែមបណ្តាញបានច្រើនជាងមុន ក៏ដូចជាការបង្កើតផលិតផល និងសេវាកម្មថ្មីៗទៀតផង។ លោក សុខា សង្ឃឹមថា តាមរយៈប្រព័ន្ធថ្មី នេះភ្នាក់ងារ អេ អឹម ខេ នឹងទទួលអត្ថប្រយោជន៍កាន់តែច្រើន តាមរយៈការបង្កើនផលិតភាពការងារបានប្រសើរជាងមុន មិនតម្រូវអោយគាត់ធ្វើប្រតិបត្តិការដែលកត់ត្រាដោយដៃ និងអាចទទួលបាន ភាពងាយស្រួលជាច្រើនផ្សេងទៀត។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិតត្រឹម ខែមីនា ឆ្នាំ២០១៨ នេះ អេ អឹម ខេ មានវិសាលភាពប្រតិបត្តិការគ្របដណ្តប់៨៩% នៃចំនួនភូមិសរុបទូទាំង ប្រទេស មានបុគ្គលិកសរុបជាង ២.៥០០នាក់ អតិថិជនសរុបជាង៦៨ម៉ឺននាក់ ជាមួយនឹងផលបត្រប្រាក់កម្ចីជាង២១៣ លានដុល្លារអាមេរិក ជាមួយការិយាល័យប្រតិបត្តិការចំនួន ១៥០ កន្លែង និង មានភ្នាក់ងារជាង ៣.០០០កន្លែង នៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុងផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ ដោយស្វ័យប្រវត្តិ (ATM/CDM)។