“ទន្លេសាប” កម្មវិធីទូរស័ព្ទដៃផ្តល់ចំណេះដឹងកសិកម្មដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃទន្លេសាប កាលពីថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ នៅសណ្ឋាគារ The Great Duke ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីអ្នកសារព័ត៌មាន និងភ្ញៀវជាតិ អន្តរជាតិជាច្រើន។ កម្មវិធីទូរស័ព្ទដៃទន្លេ សាប ត្រូវបានផ្តួចផ្តើម និងបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគាំទ្រសហការមូលនិធិដោយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គម្រោង មូលនិធិការបង្កើតថ្មីសម្រាប់កាត់បន្ថយភាពក្រីក្រ (IAP) ដែលសហការអនុវត្តរួមគ្នាដោយ SIDA, SNV, IB Sweden និង BoP Inc. និងគម្រោងហាវែស II នៃទីភ្នាក់ងារជំនួយអាមេរិក USAID ។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានឱ្យដឹងក្នុងសិក្ខាសាលាដាក់ឱ្យប្រើ ជាផ្លូវការនៃកម្មវិធីទូរស័ព្ទទន្លេសាបថា “ដោយមើលឃើញពីអតិថិជន អេ អឹម ខេ ជាង៥០% បានខ្ចីប្រាក់យកទៅប្រកប មុខរបរធ្វើកសិកម្មដូចជា ធ្វើស្រែ ចំការ និងចិញ្ចឹមសត្វជាដើម ។ ដូច្នេះហើយបានជា អេ អឹម ខេ ផ្តួចផ្តើមគំនិតក្នុងការ បង្កើតកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះឡើង ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ និងអន្តរជាតិ ជាច្រើន ហើយនេះក៏ជាសមិទ្ធិផលថ្មីមួយទៀតដែល អេ អឹម ខេ បានចូលរួមចំណែកជួយលើកម្ពស់វិស័យកសិកម្មនៅ កម្ពុជា។ ខ្ញុំសង្ឃឹមថាកម្មវិធីទូរស័ព្ទដៃទន្លេសាបនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្មែរក្នុងការធ្វើស្រែ ចំការ និង ចិញ្ចឹមសត្វ ឱ្យកាន់តែរីកចម្រើន និងទទួលបានប្រាក់ចំណូលកាន់តែច្រើនព្រោះថាក្នុងកម្មវិធីនេះគឺយើងព្យាយាមផ្សារ ភ្ជាប់តួអង្គនៃខ្សែ ច្រវាក់ផ្គត់ផ្គង់កសិកម្មពី អ្នកផ្គត់ផ្គង់សម្ភារៈកសិកម្ម អ្នកផលិត អ្នកទិញលក់ផ្ទាល់បានជួបគ្នា បន្ថែមពី នេះផ្តល់បច្ចេកទេស ដាំដុះ ការប៉ាន់ប្រមាណពីចំណូល និងចំណាយដើម្បីឱ្យកសិករគាត់ត្រៀមថវិកាក្នុងការផលិតតាម បច្ចេកទេសណែនាំ និងអាចទំនាក់ទំនងផ្ទាល់មកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់តម្រូវការសេវាហិរញ្ញវត្ថុ នានា ដូចជាកម្ចី ឬ ផ្ទេរប្រាក់ជាដើម។ ”
ថ្លែងក្នុងពិធីដាក់ឱ្យប្រើកម្មវិធីទូរស័ព្ទដៃទន្លេសាប លោក ស៊្រុន សុខុម អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្មនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា “គោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជាគឺដើម្បី កាត់បន្ថយភាពក្រីក្រ និង ជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម។ គោលដៅសំខាន់ សម្រាប់អភិវឌ្ឍវិស័យកសិកម្ម គឺដើម្បីធានាឱ្យបាននូវសន្តិសុខស្បៀង បង្កើនចំណូល បង្កើតឱ្យមានការងារធ្វើ និងធ្វើឱ្យ ប្រសើរឡើងនូវស្ថានភាពអាហាររូបត្ថម្ភសម្រាប់ប្រជាពលរដ្ឋទាំងអស់តាមរយៈការបង្កើនផលិតភាពកសិកម្មហើយកម្មវិធី ទូរស័ព្ទដៃទន្លេសាបនេះពិតជាបានបង្កើតឡើងចំពេលដែលស្របទៅនឹងទិសដៅរបស់រដ្ឋាភិបាល និងសម័យបច្ចេកវិទ្យា ទូរស័ព្ទ ដើម្បីជួយផ្តល់ជាចំណេះដឹងផ្នែកកសិកម្មដល់ប្រជាពលរដ្ឋជាពិសេសកសិករកម្ពុជា ដែលពួកគាត់ងាយស្រួល ក្នុងការស្វែងរកប្រភពចំណេះដឹងដូចជា វិធីធ្វើដើម្បីទទួលបានទិន្នផលខ្ពស់ជាមួយបច្ចេកទេសដែលមានស្តង់ដារងាយ ស្រួល ក្នុងការរកធាតុចូលសម្រាប់ផលិតកម្មកសិកម្ម មិនតែប៉ុណ្ណោះអ្វីដែលខ្ញុំពេញចិត្តនោះគឺ កសិករអាចយល់បាន កាន់ តែច្បាស់ ពីតម្លៃទីផ្សារផលិតផល និងធាតុចូលកសិកម្មភ្លាមៗ ដែលធ្វើឱ្យពួកគាត់កាន់តែមានអំណាចក្នុងការចរចា តម្លៃទាំងពេលទិញ ធាតុចូលកសិកម្ម និងលក់ផលិតផលទៅវិញ និងអាចរួចផុតពីការបោកបញ្ឆោតពីឈ្មួញកណ្តាល មួយចំនួនក្នុងការទម្លាក់ តម្លៃផលិតផលរបស់ពួកគាត់។ ខ្ញុំសូមបញ្ចាក់ផងដែរថាការសហការជាដៃគូរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ជាសកម្មភាពចូលរួមអនុវត្តកម្មវិធីភាពជាដៃគូរវាង គ្រឹះស្ថានសាធារណៈ និងវិស័យ ឯកជន (Public-Private Partnership) ដែលរាជរដ្ឋាភិបាលកម្ពុជាបានលើក កម្ពស់ និងជំរុញនាពេលបច្ចុប្បន្ន។ ជាចុងក្រោយខ្ញុំសូមអរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក៏ដូចជាអង្គការ ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ជាច្រើនដែលបានយកចិត្តទុកដាក់ និងគាំទ្រក្នុងការបង្កើតកម្មវិធីទូរស័ព្ទដៃ “ទន្លេសាប” នេះ ឡើង។
គួររម្លឹកផងដែរថាទន្លេសាបគឺជាកម្មវិធីទូរស័ព្ទដៃដែលបង្កើតឡើងក្នុងគោលបំណងជួយផ្តល់ចំណេះដឹងដល់កសិករពី បច្ចេកទេស ព័ត៌មានទីផ្សារកសិកម្ម ផ្តល់គន្លឹះសំខាន់ៗក្នុងការដាំដំណាំ ស្វែងរកសម្ភារកសិកម្ម និងចិញ្ចឹមសត្វឱ្យកាន់តែ ប្រសើរ ឡើង មិនតែប៉ុណ្ណោះកសិករអាចស្វែងរកសេវាហិរញ្ញវត្ថុដើម្បីពង្រីកមុខរបរកសិកម្មរបស់ខ្លួនបានតាមរយៈ កម្មវិធីនេះផងដែរ។ កម្មវិធីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេរីលើ App Store ប្រព័ន្ធ (IOS) និង Play Store ប្រព័ន្ធ Android ដែលផ្តល់ជូនមុខងារពិសេសជាច្រើនដូចជា ទទួលបានចំណេះដឹង និងបច្ចេកទេសកសិកម្មនានា (ដាំដំណាំ និងចិញ្ចឹមសត្វ) ទទួលបាននូវការចែករម្លែកបទពិសោធន៍ពីសំណាក់កសិករជោគជ័យ ទទួលបាននូវការ ប្រឹក្សាយោបល់ពីអ្នកជំនាញ កសិកម្ម ដើម្បីដោះស្រាយបញ្ហាដែលកសិករបានជួបប្រទះ ងាយស្រួលស្វែងរកសម្ភារ កសិកម្មពីក្រុមហ៊ុន ឬដេប៉ូ ផ្គត់ផ្គង់សម្ភារកសិកម្ម ទទួលបានព័ត៌មានថ្មីៗដែលពាក់ព័ន្ធនឹងតម្លៃទីផ្សារផលិតផលក សិកម្ម និងអាចកត់ត្រាព័ត៌មាន ទាក់ទងនឹង កសិដ្ឋានផ្ទាល់ខ្លួននៅលើទូរស័ព្ទដៃ។
អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជនប្រាក់កម្ចី។ គិត ត្រឹមខែធ្នូ ឆ្នាំ២០១៨ អេ អឹម ខេ មានអតិថិជនសរុបចំនួនជាង ៧៦ ម៉ឺននាក់ ជាមួយនឹងផលប័ត្រប្រាក់កម្ចីជាង ២៥២ លានដុល្លារអាមេរិក និងប្រាក់បញ្ញើជាង ១៥៨លានដុល្លារអាមេរិក មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងមានភ្នាក់ងារជិត ៤.០០០ កន្លែងនៅទូទាំងប្រទេស។ អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជនដូចជា៖ សេវាប្រាក់កម្ចី ប្រាក់សន្សំ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់ វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើកប្រាក់បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។