កិច្ចសហប្រតិបត្តិការលើការផ្តល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរវាងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
ភ្នំពេញ៖ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង២រសៀល នៅទីស្នាក់ការកណ្តាលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានការរៀបចំសន្និសិទសារព័ត៌មានស្តីអំពីកិច្ចសហប្រតិបត្តិការលើការផ្តល់សេវាត្រួតពិនិត្យសុខភាព ហិរញ្ញវត្ថុ រវាងការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បន្ទាប់ពីការចុះ អនុស្សារណយោគយល់គ្នារវាងស្ថាប័នទាំងពីរ ក្នុងការដាក់ឱ្យដំណើរការសេវានេះនៅតាមសាខារបស់ អេ អឹម ខេ ចាប់ ពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩ តទៅ។
សន្និសិទសារព័ត៌មាននេះ មានការចូលរួមពី លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ន ទាំងពីរ និង អ្នកសារព័ត៌មាននៅកម្ពុជា។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា បានមានប្រសាសន៍ថា “ក្នុងរយៈពេលជាង ៦ឆ្នាំនៃប្រតិបត្តិការ ស៊ីប៊ីស៊ីបានចាប់ផ្តើម និងផ្តោតចំបងជាមួយនឹងរបាយការណ៍ឥណទានអតិថិជន ដែលអនុញ្ញាតឱ្យ សមាជិករបស់យើងអាចស្វែងយល់ពីអតិថិជនរបស់ពួកគេកាន់តែច្បាស់ និងធ្វើការសម្រេចចិត្តលើការផ្តល់ឥណទាន ប្រកបដោយប្រសិទ្ធិភាព និងទំនួលខុសត្រូវ។ បន្ថែមពីលើនេះ ប្រព័ន្ធនេះក៏បានជួយដល់អតិថិជនទូទៅ ក្នុងការស្នើសុំ និងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេឱ្យកាន់តែប្រសើរឡើង ដែលនឹងជួយពួកគេក្នុងការត្រៀមខ្លួនសម្រាប់ ការស្នើសុំកម្ចី។ មិនតែប៉ុណ្ណោះ ប្រព័ន្ធនេះក៏ចូលរួមចំណែកដល់ស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ។“។
លោកបន្តថា “ដោយមើលឃើញពីសារសំខាន់នៃរបាយការណ៍ឥណទានចំពោះប្រជាជនកម្ពុជា និងដើម្បីផ្តល់ភាពងាយ ស្រួលដល់ប្រជាជនដែលរស់នៅតាមបណ្តាខេត្ត ទើបការិយាល័យឥណទានកម្ពុជាបានពង្រីកសេវាត្រួតពិនិត្យសុខភាព ហិរញ្ញវត្ថុ ដោយធ្វើកិច្ចសហប្រតិបត្តិអាជីវកម្មជាមួយដៃគូយុទ្ធសាស្រ្ត គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដែលមានសាខាជាង១៥០ ទូទាំងប្រទេស ក្នុងការផ្តល់សេវាកម្មនេះ ដោយជំហានដំបូងយើងដាក់ឱ្យដំណើរការនៅ តាមសាខារបស់ អេ អឹម ខេ ចំនួន៥ ហើយគ្រោងនឹងពង្រីកទូទាំងប្រទេសនៅបំណាច់ឆ្នាំ២០១៩នេះ។”
សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ ស៊ីប៊ីស៊ី ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅ អាចពិនិត្យមើល របាយការណ៍ឥណទាន ឬ លទ្ធភាពក្នុងការប្រើប្រាស់ឥណទាន ដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូយុទ្ធសាស្ត្រ របស់ ស៊ីប៊ីស៊ី។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែនច្បាប់ដើម និងមាន សុពលភាព ហើយអញ្ជើញទៅកាន់សាខាទាំង៥របស់គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ដូចជា ទីស្នាក់ការ កណ្តាល សាខាខណ្ឌពោធិ៍សែនជ័យ សង្កាត់ចោមចៅ៣ សាខាកំពង់ចាម សាខាខេត្តកណ្តាល និងសាខាខេត្តសៀម រាប។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានប្រសាសន៍ថា “ អេ អឹម ខេ មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្ដិការជាមួយការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឱ្យបានរឹតតែទូលំទូលាយ តាមរយៈការស្នើសុំត្រួតពិនិត្យ របាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមសាខានៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ បច្ចុប្បន្ន អេ អឹម ខេ បានផ្តល់ សេវាទៅដល់អតិថិជនជាង ៧៦ ម៉ឺននាក់ និងមានសាខាគ្រប់ដណ្តប់គ្រប់ស្រុក និងឃុំ ទូទាំងប្រទេស។ ដូច្នេះសេវា ហិរញ្ញវត្ថុមួយនេះនឹងជួយដល់អតិថិជនក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន លើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុ និងត្រៀមខ្លួនរួចរាល់ប្រកបដោយការទទួលខុសត្រូវក្នុងការទទួលបានប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុ។”
ចាប់ដំណើរការជាផ្លូវការនៅឆ្នាំ ២០១២ ស៊ីប៊ីស៊ីបានបម្រើដល់សមាជិក និងអតិថិជនជាមួយនឹងសេវាកម្មស្នូលគឺ របាយការណ៍ឥណទានអតិថិជន។ ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមាន ប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុ។