អេ អឹម ខេ បាននាំយកថវិកាសប្បុរសធម៌ដែលបានមកពីការរួមចំណែករបស់អាជីវករ អេ អឹម ខេ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា

ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ –គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដែលជាគ្រឹះស្ថានឈានមុខគេនៅកម្ពុជា បាននាំយកថវិកាចំនួន ៥១.៣៩៦.០០០រៀល ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងទិវាអន្តរជាតិនារី ៨មីនា ខាងមុខ។ ថវិកាទាំងនេះ បានមកពីការរួមចំណែករបស់អាជីវករ អេ អឹម ខេ និងអតិថិជនទាំងអស់ ក្នុងកម្មវិធី «ស្កេន AMK ដើម្បីកុមារកម្ពុជា» សម្រាប់រយៈពេល៣ខែចុងឆ្នាំ២០២៤ ដោយធ្វើការស្កេនទូទាត់ប្រាក់លើ AMK KHQR។ ការរួមចំណែកដ៏សំខាន់នេះ កំពុងគាំទ្រដល់ការងារដ៏វិសេសវិសាលរបស់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីផ្តល់សេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងទំនើប ដោយឥតគិតថ្លៃ ជួយដល់កុមារនៅទូទាំងប្រទេសកម្ពុជា។

ជាក់ស្តែង អេ អឹម ខេ បានផ្តួចផ្តើម និងដាក់ដំណើរការកម្មវិធីនេះតាំងពីដើមខែតុលា ឆ្នាំ២០២៤​ មកម្ល៉េះ ក្នុងគោលបំណងធំ និងជាបេសកកម្មដ៏មានអត្ថន័យក្នុងការជួយសង្គមកម្ពុជា តាមរយៈការគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា និងមន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យជាតិតែមួយគត់ ដែលមានលោកវេជ្ជបណ្ឌិត បេ​អាត រិច​ឈ្នឺ​រ ជាស្ថាបនិក ក្នុងការផ្តល់សេវាថែទាំសុខភាពកុមារ ដោយមិនគិតថ្លៃសេវា និងបានជួយដល់កុមារកម្ពុជារាប់លាននាក់ឲ្យចៀសផុតពីជំងឺកាចសាហាវនានា។ រាល់ពេលដែលសាធារណជន អតិថិជន ឬបងប្អូនប្រជាជនខ្មែរធ្វើការស្កេនទូទាត់តាមរយៈ AMK KHQR នៅតាមហាងដៃគូអាជីវកម្មរបស់ អេ អឹម ខេ ឬម្ចាស់ហាងលើក AMK KHQR ឲ្យភ្ញៀវស្កេនទូទាត់ មិនថាពីស្កេនឆ្លងធនាគារ ឬតាម AMK Mobile ផ្ទាល់ក៏ដោយ គឺបង្ហាញថាអ្នកកំពុងចូលរួមចំណែកក្នុងការបរិច្ចាគថវិកាជូនមូលនិធិដូចគ្នាដែរ។ អេ អឹម ខេ ជាអ្នកបរិច្ចាគជំនួសបងប្អូនអាជីវករ និងអតិថិជនរបស់យើង ១០០រៀល ក្នុងមួយប្រតិបត្តិការ។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិរបស់ អេ អឹម ខេ បានមានប្រសាសន៍ថា «យើងជឿជាក់លើសារៈសំខាន់នៃការផ្តល់ត្រឡប់ទៅសហគមន៍យើងវិញ និងការវិនិយោគលើអនាគតរបស់កម្ពុជា។ ដូចនេះ យើងតែងគាំទ្រយ៉ាងពេញទំហឹងនូវរាល់សកម្មភាពសប្បុរសធម៌ដែលជួយដល់សង្គមកម្ពុជា និងមានមោទកភាពក្នុងការរួមចំណែកដល់ការងាររបស់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគសាច់ប្រាក់ចំនួន ជាង ៥០លានរៀលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នានៃសកម្មភាពសង្គមរបស់អាជីវករ អេ អឹម ខេ និងអតិថិជនរបស់យើងក្នុង     រយៈពេល៣ខែកន្លងមកនេះ។ យើងមានទំនុកចិត្តថា ថវិកាទាំងនេះនឹងបង្កើតទំព័រថ្មីមួយក្នុងប្រវត្តិសាស្រ្តសម្រាប់កសាងសុខុមាលភាពប្រជាជនកម្ពុជា​ ជាពិសេសកុមារាកុមារីដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។»

លោក Lucas R. Moro ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការការងារសង្គម របស់ អេ អឹម ខេ បានបន្ថែមថា «ការធានាបាននូវនិរន្តរភាព និងការរីកចម្រើននៃសេវាថែទាំសុខភាព គឺមានសារប្រយោជន៍បំផុត ក្នុងការអភិវឌ្ឍសុខុមាលភាពរបស់ប្រទេសជាតិយើង។ យើងមានមោទកភាព និងមានកិត្តិយសក្នុងការចូលរួមចំណែកគំនិតផ្តួចផ្តើមនេះ ដើម្បីសង្គមកម្ពុជា ព្រមទាំងបន្តប្តេជ្ញាគាំទ្រតាមរយៈការបង្កើតកម្មវិធី ឬគំនិតផ្តួចផ្តើមនានា ស្របទៅ់តាមទស្សនវិស័យ និងបេសកកម្មរបស់ អេ អឹម ខេ។»

តំណាងឲ្យគណៈគ្រប់គ្រងរបស់ អេ អឹម ខេ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អាជីវករ អេ អឹម ខេ និងអតិថិជន ទាំងអស់ ដែលបានចូលរួមជាមួយយើងតាំងពីចាប់ផ្តើមដំបូង។ នេះជាសមិទ្ធិផលដ៏អស្ចារ្យបំផុតដែលយើងទាំងអស់គ្នាបានចូលរួមជួយដល់កុមារកម្ពុជាដោយផ្ទាល់។

គួរបញ្ជាក់ផងដែរថា អាជីវករ និងអតិថិជនទាំងអស់នៅតែអាចបន្តរួមចំណែកបរិច្ចាគទៅមន្ទីរពេទ្យគន្ធបុប្ផាជាមួយ អេ អឹម ខេ តាមរយៈ កម្មវិធី “ស្កេន AMK ដើម្បីកុមារកម្ពុជា នៅតាមដៃគូអាជីវកម្ម អេ អឹម ខេ ទូទាំងប្រទេសរហូតដល់ចុងឆ្នាំ២០២៦។ រាល់ការស្កេនទូទាត់ អេ អឹម ខេ នឹងបរិច្ចាគថវិកាជំនួសអ្នក ចំនួន​១០០រៀល/ប្រតិបត្តិការ។

បើស្កេនផេ ត្រូវតែ អេ អឹម ខេ!

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៣កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។