គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និង ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានកំណត់យុទ្ធសាស្រ្តប៊េងកាសួររេន  ក្នុងបំណងបង្កើនបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានអបអរខួប៣ឆ្នាំនៃភាពជាដៃគូ  ជាមួយនឹងការរៀបចំកិច្ចប្រជុំយុទ្ធសាស្រ្ត ក្រោមប្រធានបទ «ការពង្រឹងបរិយាបន្នហិរញ្ញវត្ថុតាមរយៈ ប៊េងកាសួររេន» នៅសណ្ឋាគារ សាន់ & មូន រីវើសាយ។ គិតត្រឹមដើមឆ្នាំ២០២៥ ស្ថាប័នទាំងពីរចាប់ដៃគូយុទ្ធសាស្រ្តបានរយៈពេល៣ឆ្នាំ ហើយក្រុមហ៊ុននៅតែបន្តប្តេជ្ញាចំពោះភាពជាដៃគូយុទ្ធសាស្រ្តយូរអង្វែងនេះ ដើម្បីពង្រឹងវិសាលភាពនៃអាជីវកម្មប៊េងកាសួររេនជូនដល់អតិថិជន និងសាធារណជនទាំងអស់ក្នុងប្រទេសកម្ពុជា ដែលនេះជាមោទនភាពមួយសម្រាប់វិស័យសេវាហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហការនេះបាន និងកំពុងបន្តផ្តល់នូវការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារនៅកម្ពុជារាប់ម៉ឺននាក់ ដែលបង្ហាញពីស្មារតីពិតប្រាកដនៃស្ថាប័នទាំងពីរ ការយល់ដឹងកាន់តែប្រសើររបស់ប្រជាជនកម្ពុជាអំពីធានារ៉ាប់រងអាយុជីវិត ក៏ដូចជាភាពរីកចម្រើននៃបរិយាបន្នហិរញ្ញវត្ថុ។

កិច្ចប្រជុំយុទ្ធសាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងធំៗ ៣ រួមមានការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំ និងយូរអង្វែង ការអបអរនូវសមិទ្ធិផលសម្រេចបានកាលពីឆ្នាំកន្លងទៅ និងការដាក់ចេញនូវផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥ ដើម្បីឱ្យក្រុមហ៊ុនអាចនាំយកសេវាកម្ម និងដំណោះស្រាយហិរញ្ញវត្ថុកាន់តែប្រសើរជូនដល់អតិថិជន។

កន្លងមក បើទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចសកលក៏ដោយ ក៏ក្រុមហ៊ុនទាំងពីរនៅតែសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ អតិថិជនជាង១ម៉ឺន៥ពាន់នាក់ទទួលបានការការពារតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលក្នុងនោះ ក្រុមហ៊ុនផ្តល់ទឹកប្រាក់ធានារ៉ាប់រងសរុបជាង ៦៥.៨ លានដុល្លារអាមេរិក។ ក្នុងនោះដែរ ដាយ អ៊ិឈិ ឡាយហ្វ៍ បានផ្តល់សំណង និងទឹកប្រាក់ត្រឡប់ទៅវិញសរុបជាង ១០ម៉ឺនដុល្លារអាមេរិកដែលជួយគាំទ្រដល់អតិថិជនក្នុងគ្រាដែលពួកគាត់ជួបទុក្ខលំបាក។ សមិទ្ធិផលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុនទាំងពីរក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលមានគុណភាព មានតម្លៃសមរម្យ និងងាយក្នុងការទទួលបានសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនក៏បានប្រគល់ពានរង្វាន់ និងលិខិតសរសើរ ជាការលើកទឹកចិត្ត ជូនដល់សាខាឆ្នើមរបស់ អេ អឹម ខេ ចំនួន៤៧ សាខា លើការសម្រេចបានសមិទ្ធិផលលើសផែនការកំណត់។

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ថា «ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានអនុញ្ញាតឱ្យយើងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនយើងពិតប្រាកដ។ កិច្ចសហការនេះ បានក្លាយជាគ្រឹះដ៏រឹងមាំ និងសំខាន់ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុ ស្របតាមគោលការណ៍របស់ធនាគារជាតិនៃកម្ពុជា និង និយ័តករធានារ៉ាប់រងកម្ពុជា។»

លោក Takao Sabato ជាអគ្គនាយករងប្រតិបត្តិ នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានបន្ថែមថា «យើងប្តេជ្ញារួមគ្នាជាមួយ អេ អឹម ខេ ក្នុងការនាំយកសេវាធានារ៉ាប់រងអាយុជីវិតប្រកបដោយស្តង់ដា និងជាទីទុកចិត្តជូនដល់គ្រួសារកម្ពុជា។ ការប្តជ្ញាចិត្តនេះស្របតាមគោល​ការណ៍ណែនាំអាជីវកម្មរបស់យើង៖ សហការជាមួយលោកអ្នក ដើម្បីកសាងអនាគតកាន់តែប្រសើរ និងមានសុវត្ថិភាព។ យើងនឹងបន្តផ្តោតលើចក្ខុវិស័យរួមជាមួយ អេ អឹម ខេ គឺការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុពេញលេញ និងប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញតម្រូវការរបស់អតិថិជន។»

យើងរួមគ្នាផ្តល់ដំណោះស្រាយហិរញវត្ថុកាន់តែប្រសើរដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

អំពី អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍ (ខេមបូឌា)

ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយក្រុមហ៊ុនទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អ៊ិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Dai-ichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២២ឆ្នាំ និងបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនតូក្យូស្តុកអុិចឆេង (Tokyo Stock Exchange) ។

ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អ៊ិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។

នៅ ដាយ អ៊ិឈិ ឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។