អេ អឹម ខេ បានចូលរួមក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤
ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អេ អឹម ខេ បានចូលរួមសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងសណ្ឋាគារសុខា ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិ នៃកម្ពុជា លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រធានគណៈកម្មាធិការហានិភ័យនិងប្រតិបត្តិតាមនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុ នាយកប្រតិបត្តិធនាគារ និយ័តករមកពីក្រសួងពាក់ព័ន្ធរួមមានធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍សរុបប្រមាណជាង ៤០០នាក់។ សន្និសីទនេះ ធ្វើឡើងក្រោមប្រធានបទ «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» សម្រាប់ជាបំណិនដើម្បីឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បន្តពង្រឹងបរិយាបន្នហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ ចូលរួមចំណែកក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ និងព្រមទាំងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាគំរូសម្រាប់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព។
សន្និសីទនេះ ប្រារព្ធឡើងក្នុងរយៈពេល ១ថ្ងៃពេញ ក្រោមរបៀបវារៈដូចជា បទបង្ហាញទាក់ទងនឹងនិន្នាការហិរញ្ញវត្ថុ បញ្ហាប្រឈម និងសេដ្ឋកិច្ចឆ្នាំ២០២៤ ការរួមចំណែករបស់វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជា ឱកាសអភិវឌ្ឍហិរញ្ញវត្ថុបៃតង អមជាមួយនឹងកិច្ចពិភាក្សាពីវាគ្មិនចូលរួមជាច្រើនរូបដើម្បីចែករំលែកចំណេះដឹងទៅដល់អ្នកចូលរួម។ ក្នុងនោះដែរ លោក គា បូរាណ សមាជិកក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រធានគណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ និងស្វ័យប្បញ្ញត្តិ និងជាប្រធាននាយកប្រតិបត្តិ អេ អឹម ខេ ជាវាគ្មិនកិត្តិយស ក្នុងវេទិកាកិច្ចពិភាក្សាស្តីពី «កត្តាប្រឈម និងដំណោះស្រាយសំខាន់ៗក្នុងការពង្រឹងដំណោះស្រាយជាយុទ្ធសាស្រ្តដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានាបាននូវភាពធន់នៃវិស័យ» និងជាអ្នកសម្របសម្រួលក្នុងវេទិកាកិច្ចពិភាក្សាស្តីពី «ការលើកកម្ពស់សិទ្ធិ និងកិច្ចការពារអតិថិជន តាមរយៈដំណោះស្រាយប្រកបដោយការចូលរួម និងនវានុវត្តន៍»។