បុគ្គលិក អេ អឹម ខេ ស្ម័គ្រចិត្តបរិច្ចាគឈាមសង្រ្គោះជីវិត
ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ អេ អឹម ខេ បានរួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។ គិតត្រឹមចុងឆ្នាំ២០២៤ បុគ្គលិក អេ អឹម ខេ ជាច្រើននាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីសង្រ្គោះដល់ជីវិតកុមារ និងជនរងគ្រោះផ្សេងទៀតដែលកំពុងត្រូវការឈាមជាខ្លាំង ឬកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ព្រមទាំងជាលើកទី៤ នៃឆ្នាំ ក្នុងការផ្តល់ឈាមជូនមន្ទីរពេទ្យ និងមូលនិធិគន្ធបុប្ផាកម្ពុជា។
នេះជាសកម្មភាពសប្បុរសធម៌ដែលបាននិងកំពុងគាំទ្រដល់ឆន្ទៈ និងបេសកកម្មរបស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងការផ្ដល់ការព្យាបាល និងថែទាំសុខភាពកុមារកម្ពុជាប្រកបដោយគុណភាព ទំនើប និងឥតគិតថ្លៃគ្រប់លក្ខខណ្ឌ។ មន្ទីរពេទ្យគន្ធបុប្ផា បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាសុខាភិបាលដល់កុមារ និងស្រ្តីមានផ្ទៃពោះមកពីគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនគិតថ្លៃ។ មន្ទីរពេទ្យនេះ ពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមបម្រើដល់គោលនយោបាយជាតិ លើកកម្ពស់សុខុមាលភាពសង្គម និងរួមចំណែកក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារកដោយមានប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា យោងតាមមជ្ឈមណ្ឌលជាតិផ្ដល់ឈាមនៃក្រសួងសុខាភិបាល មនុស្សពេញវ័យមានចំណុះឈាមពី ៤លីត្រ ទៅ ៧លីត្រ អាស្រ័យទៅតាមទម្ងន់របស់ខ្លួនមនុស្សយើង។ ក្នុងការបរិច្ចាគឈាមម្ដង មានកម្រិតត្រឹម ៣៥០មីលីលីត្រប៉ុណ្ណោះ ហើយការផ្ដល់ឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ដោយយើងអាចផ្ដល់ឈាមរៀងរាល់ ៣ខែម្ដងចំពោះបុរស និង ៤ខែម្ដង ចំពោះស្រ្តី។ ការបរិច្ចាគឈាម គឺមានភាពងាយស្រួល យើងអាចធ្វើបានទាំងអស់គ្នា។ ដូច្នេះ យើងទាំងអស់គ្នាចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតក្មេងៗ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។
អេ អឹម ខេ មានសេចក្តីសោមនស្ស និងមានមោទកភាពក្នុងការរួមចំណែកគាំទ្រដល់ប្រតិបត្តិការមន្ទីរពេទ្យគន្ធបុប្ផា ដែលតែងជួយសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ ស្របទៅនឹងទស្សនៈវិស័យរបស់ អេ អឹម ខេ «ដើម្បីសង្គមកម្ពុជា ប្រជាពលរដ្ឋទំាងឡាយមានឱកាសគ្រប់គ្រាន់ និងស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ។»
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។