កិច្ចពិភាក្សាស្តីពី «លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់វិស័យទឹក» ក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ នៅសណ្ឋាគារ សុខាភ្នំពេញ
ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ លោក ប៊ុន ច័ន្ទភិវឌ្ឍន៍ នាយកប្រតិបត្តិហិរញ្ញប្បទានខ្សែសង្វាក់អាជីវកម្ម នៃ អេ អឹម ខេ បានធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាស្តីពី «លទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់វិស័យទឹក» ក្នុងសន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជា លើកទី៥ ដែលស្ដីអំពីប្រធានបទ “ទឹកដើម្បីនិរន្តរភាពអនាគត” ដែលបានរៀបចំនៅសណ្ឋាគារ សុខាភ្នំពេញ។
លោកបានលើកឡើងថា៖ «អេ អឹម ខេ តែងតែយកចិត្តទុកដាក់លើតម្រូវការរបស់អតិថិជនជាអាទិភាព។ បច្ចុប្បន្ន អេ អឹម ខេ មានផលិតផលឥណទានច្រើនប្រភេទតាមតម្រូវការអាជីវកម្មរបស់អតិថិជន ក្នុងចំណោមផលិតផលទាំងអស់នោះ ឥណទានសម្រាប់ សេវាករទឹកស្អាត ត្រូវបានរៀបចំយ៉ាងពិសេសដោយគិតគូរពីតម្រូវការជាក់ស្តែង និងបទពិសោធន៍របស់ អតិថិជនដែលប្រកបអាជីវកម្មសេវាករចែកចាយទឹកស្អាត។ អតិថិជន អាចស្នើឥណទានពី អេ អឹម ខេ រហូតដល់ 500,000ដុល្លារ និងរយៈពេលរហូតដល់ ១០ឆ្នាំ ជាមួយនឹងការបង់សងត្រលប់ ប្រកបដោយភាពបត់បែន ព្រមទាំងលក្ខខណ្ឌទ្រព្យធានាងាយស្រួល។ ឥណទានដែលមានរយៈពេលសងត្រលប់វែង អាចជួយសម្រួលទៅលើចរន្តសាច់ប្រាក់ របស់សេវាករទឹកស្អាតដែលមានតម្រូវការពង្រីកអាជីវកម្ម ជៀសវាងភាពរាំងស្ទៈ និងប្រឈមហានិភ័យសាច់ប្រាក់ទាប។ ដើម្បីពន្លឿន វិសាលភាពផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋ នៅទីជនបទឲ្យបានលឿន ស្របតាមយុទ្ធសាស្រ្តជាតិ ប្រជាពលរដ្ឋគ្រប់រូបមានទឹកស្អាតប្រើប្រាស់នៅត្រឹមឆ្នាំ 2030 និងដើម្បីធានាឲ្យបាននូវគោលដៅកម្ពុជាឆ្នាំ 2050 ការផ្តល់នូវឥណទានដើម្បីរួមចំណែកអភិវឌ្ឍ វិស័យទឹកស្អាតនៅកម្ពុជាគឺជាទិសដៅអាទិភាពរបស់ អេ អឹម ខេ។
ការផ្តល់ជូននេះ បង្កភាពងាយស្រួលដល់អាជីវករទឹកស្អាត ដែលកំពុងមានបំណងស្នើឥណទាន ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។»
អំពី អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤០កន្លែង និងភ្នាក់ងារប្រមាណ ៦.៥០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។