អេ អឹម ខេ នាំយកថវិកាសប្បុរសធម៌ចំនួន ៥០លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផា និងធ្វើការបរិច្ចាគឈាមដើម្បីជួយដល់មន្ទីរពេទ្យ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីចិត្ត ចំពោះទឹកចិត្ត និងបេះដូងរបស់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងយុទ្ធនាការរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា។ អេ អឹម ខេ បាននាំយកថវិកាសប្បុរសធម៌ចំនួន ៥០លានរៀលប្រគល់ជូនមន្ទីរពេទ្យគន្ធបុផ្ផា ដើម្បីបន្តគាំទ្របេសកកម្មផ្ដល់ការព្យាបាល និងថែទាំសុខភាពកុមារប្រកបដោយគុណភាព និងឥតគិតថ្លៃ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃទិវាកុមារអន្តរជាតិ។ ថវិកាទាំងអស់នេះ គឺទទួលបានពីសប្បុរសជន អតិថិជន បុគ្គលិក និង អេ អឹម ខេ ដែលបានចូលរួមយុទ្ធនាការរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីស្នាមញញឹមកុមារកម្ពុជារាប់លាននាក់។ មិនតែប៉ុណ្ណោះ បុគ្គលិក អេ អឹម ខេ ក៏បានស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាមជូនមន្ទីរពេទ្យផងដែរ។
លោក លូខាស ម៉ូរ៉ូ ប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការ CSR នៃ អេ អឹម ខេ បានមានប្រសាសន៍ថា «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលបានតំណាងឲ្យសប្បុរសជន អតិថិជន បុគ្គលិកក៏ដូចជា អេ អឹម ខេ ចូលរួមក្នុងយុទ្ធនាការរៃអង្គាសនេះ និងនាំយកថវិកាសប្បុរសធម៌ចំនួន ៥០លានរៀល មកជូនមន្ទីរពេទ្យគន្ធបុប្ផា ក្នុងថ្ងៃទី១ មិថុនា ដែលជាថ្ងៃសិទ្ធិកុមារអន្តរជាតិនេះ។ តាងនាមឲ្យ អេ អឹម ខេ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន អតិថិជន និងបុគ្គលិកទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួនចូលរួមជាមួយយើងក្នុងយុទ្ធនាការរៃអង្គាសនេះ»។ គួរបញ្ជាក់ផងដែរថា អេ អឹម ខេ តែងតែធ្វើការបរិច្ចាគឈាម រួមជាមួយការនាំយកថវិកាសប្បុរសធម៌ជូនមន្ទីរពេទ្យ។ ទស្សនៈវិស័យរបស់ អេ អឹម ខេ គឺចង់ឃើញសង្គមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប មានឱកាសគ្រប់គ្រាន់ ស្មើភាពគ្នាក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម និងដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេប្រចាំថ្ងៃ ហើយអាចចូលរួមជាវិភាគទានយ៉ាងមានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះ អេ អឹម ខេ រៀបចំយុទ្ធនាការនេះឡើងដើម្បីគាំទ្រដល់ប្រតិបត្តិការមន្ទីរពេទ្យ និងជួយដល់កុមារកម្ពុជាជាច្រើននាក់ដែលកំពុងសម្រាកព្យាបាលជម្ងឺ។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលពិគ្រោះ ពិនិត្យនិងព្យាបាលជម្ងឺដល់កុមាររាប់លាននាក់ដោយ ឥតគិតថ្លៃ។ ដើម្បីគាំទ្រក្នុងការពិនិត្យនិងព្យាបាលជម្ងឺដល់កុមារកម្ពុជាដោយឥតគិតថ្លៃបន្តទៀត មន្ទីរពេទ្យពិតជាត្រូវការការបរិច្ចាគពីបងប្អូនសប្បុរសជនទាំងអស់ ដូចនេះយើងចូលរួមបរិច្ចាគទាំងអស់គ្នាដើម្បីស្នាមញញឹមកុមារកម្ពុជា ក្នុងស្មារតី ខ្មែរជួយខ្មែរ។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៤៧កន្លែង និងភ្នាក់ងារប្រមាណជិត ៧.០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ បេសកកម្មរបស់ អេ អឹម ខេ គឺផ្ដល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុស ត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប ជាពិសេស ស្រ្តីនិងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។