“បរិច្ចាគឈាម សង្គ្រោះជីវិត”
បុគ្គលិក អេ អឹម ខេ និង ដាយ អ៊ីឈិ ឡាយហ្វ៍
ស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បុគ្គលិក អេ អឹម ខេ និង ដាយ អ៊ីឈិ ឡាយហ្វ៍ បានចូលរួមបរិច្ចាគឈាមជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាមក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត”។ ការបរិច្ចាគនេះធ្វើឡើងនៅការិយាល័យកណ្ដាលរបស់ អេ អឹម ខេ ដែលមានបុគ្គលិកស្ម័គ្រចិត្តប្រមាណជា ៨០នាក់។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងរួមតែមួយគឺ បរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត នេះជាចំណែកមួយក្នុងការចូលរួមជួយដល់សង្គមជាតិ និងជាការផ្តល់ក្ដីស្រលាញ់ចំពោះសហគមន៍របស់យើងផងដែរ។

តើអ្នកដឹងទេថាការបរិច្ចាគឈាមមានសារៈសំខាន់យ៉ាងណាចំពោះសង្គមជាតិ? ជាការពិតណាស់ ការបរិច្ចាគឈាមពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិរបស់យើង តែវាមិនត្រឹមតែជួយដល់សង្គមជាតិទេ ការបរិច្ចាគឈាមក៏អាចជួយដល់ខ្លួនអ្នកបានផងដែរ។ ឈាមរបស់អ្នកអាចជួយដល់ជីវិតមនុស្សជាច្រើន ដែលពួកគាត់ត្រូវការខ្លាំងបំផុតដូចជា ជនរងគ្រោះដែលជួបគ្រោះថ្នាក់ចរាចរណ៍ ម្ដាយសម្រាលកូនមិនធម្មតា ជំងឺមហារីក ការវះកាត់ធ្ងន់ធ្ងរ និងជំងឺផ្សេងៗទៀត។ ម៉្យាងវិញទៀតការបរិច្ចាគឈាម គឺមានសុវត្ថិភាព និងអត្ថប្រយោជន៍សម្រាប់សុខភាពរបស់អ្នកដូចជា កាត់បន្ថយជំងឺមហារីកនានា កាត់បន្ថយកូលេស្តេរ៉ុល ភាពតានតឹង កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល ជួយដល់សុខភាពបេះដូង កាត់បន្ថយការឡើងទម្ងន់ និងអត្ថប្រយោជន៍ជាច្រើនទៀត។

យោងតាមមជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​នៃ​ក្រសួង​សុខាភិបាលបានឲ្យដឹងថា មនុស្ស​ពេញវ័យមានចំណុះឈាម​​ពី ៤​លីត្រ ទៅ ៧​លីត្រ អាស្រ័យទៅ​តាម​ទម្ងន់​របស់​ខ្លួន​មនុស្ស​យើង។ ក្នុងការបរិច្ចាគឈាមម្ដង មានកម្រិតត្រឹម ៣៥០មីលីលីត្រប៉ុណ្ណោះ ហើយការផ្ដល់ឈាមមិនប៉ះពាល់ដល់សុខភាពនោះទេ ដោយយើងអាចផ្ដល់ឈាមរៀងរាល់ ៣ខែម្ដងចំពោះ​បុរស ​និង ៤​ខែ​ម្ដង ចំពោះ​ស្រ្តី។ ការបរិច្ចាគឈាម គឺមានភាពងាយស្រួល យើងអាចធ្វើបានទាំងអស់គ្នា។ ដូច្នេះ យើងទាំងអស់គ្នាចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិតក្មេងៗ និងប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា។

ស្របគ្នានេះដែរ អេ អឹម ខេ នឹងរៀបចំយុទ្ធនាការរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ចាប់ពីថ្ងៃទី០១ ដល់ ៣១ ខែឧសភា ឆ្នាំ២០២៤ ដោយ អេ អឹម ខេ នឹងធ្វើការបន្ថែមទ្វេដងនូវចំនួនដែលលោកអ្នកបរិច្ចាគ។ ដើម្បីចូលរួមយុទ្ធនាការនេះ លោកអ្នកអាចធ្វើការស្កេន KHQR ពីគ្រប់ធនាគារ ឬតាម AMK Mobile។ ថវិកាទាំងអស់ អេ អឹម ខេ នឹងធ្វើការផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃទិវាកុមារអន្តរជាតិ ទី០១ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕