អេ អឹម ខេ បរិច្ចាគប្រាក់ចំនួន២១លានរៀលដល់មន្ទីរពេទ្យគុន្ធបុប្ផា
2016-Dec-27 17:28 [Viewed : 632]

       ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានបរិច្ចាគប្រាក់ចំនួន២១លានរៀលដល់មន្ទីរ​​​​ពេទ្យ​​គុន្ធបុប្ផា កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅមន្ទីរពេទ្យគុន្ធបុប្ផាវត្តភ្នំ។ ការបរិច្ចាគថ្ងៃនេះ អេ អឹម ខេ ចង់ជួយដល់កុមារកម្ពុជាឲ្យពួកគាត់មាន សុខភាពល្អ ជាពិសេសចង់​ឃើញ​ពួកគាត់មានឱកាសបានចូលរៀនគ្រប់ៗគ្នា ព្រោះកុមារគឺជាទំពាំងស្នងឬស្សី។      

       ដោយមានបេសកកម្ម ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងធ្វើឲ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់​នៅរបស់​ពួកគេ​ តាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ អេ អឹម ខេ មានគោលដៅសំខាន់ពីរ ដែលត្រូវសម្រេច​ឲ្យ​បាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។ ជាក់ស្តែង អេ អឹម ខេ បានចូលរួមលើកកម្ពស់ការងារ​សង្គមជាច្រើន​កន្លងមក ដោយ​ការងារ​ទាំងនោះរួមមាន៖ (១) ចូលរួមគាំទ្រឧបត្ថម្ភការប្រកួតគូររូបរបស់ប្អូនៗកុមារ៉ា-កុមារី  ក្រោមប្រធាន​បទ “យើងរួមគ្នា​គិត រួមគ្នាធ្វើ រួមគ្នាអភិវឌ្ឍ ដើម្បីអនាគតវប្បធម៌បៃតងដែលយើងចង់បាន” ដែលរៀបចំដោយក្រសួង​បរិស្ថាន និង ក្រសួង​អប់រំ យុវជន និងកីឡា (២) បានគាំទ្រខ្សែភាពយន្តភាគខ្មែរ រឿង “ដីបំណះថ្មីវគ្គ២” ដោយខ្សែ​ភាពយន្ត​នេះផ្តល់ការអប់រំអំពី ការធ្វើកសិកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ និងការអប់រំសំខាន់ៗទៀតពាក់ព័ន្ធនឹងជីវិតរស់នៅ​ប្រចាំថ្ងៃ ដែលកំពុងតែ​ចាក់​បញ្ចាំងនៅលើទូរទស្សន៍ ម៉ាយធីវី (MYTV) (៣) ចូលរួមដាំដើមកោងកាងនៅខេត្តព្រះសីហនុ និង​កិច្ចការសង្គមជាច្រើន​ទៀត។

       ថ្លែងនៅក្នុងពិធីប្រគល់ថវិកាជូនមន្ទីពេទ្យគុន្ធបុប្ផា លោក ឈុន កុសល បានលើកឡើងថា “អេ អឹម ខេ បានប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការធ្វើឲ្យសម្រេចគោលដៅកិច្ចការសង្គមរបស់ខ្លួន។ ពីមួយឆ្នាំទៅមួយឆ្នាំ បុគ្គលិក អេ អឹម ខេ គ្រប់ជាន់ថ្នាក់តែងតែ​បរិច្ចាគថវិកាមួយចំនួនដើម្បីជួយដល់សង្គម”។ លោក បានបន្ថែមទៀតថា “ដោយសារតែមានការប្តេជ្ញាខ្ពស់ពី​សំណាក់​ថ្នាក់ដឹកនាំ និងបុគ្គលិក អេ អឹម ខេ​ ទាំងអស់ ក្នុងពេលថ្មីៗនេះ អេ អឹម ខេ ត្រូវបានទទួលស្គាល់ថា ជាគ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ ដែលអនុវត្តយ៉ាងពេញលេញទៅតាមគោលការណ៍ការពារអតិថិជនពី SMART CAMPAIGN ដែលជាស្ថាប័ន​អន្តរជាតិបង្រួបបង្រួមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងពិភពលោកឲ្យមានគោលដៅរួមគឺ អនុវត្តឲ្យបានពេញលេញ​ទៅតាម​គោល​ការណ៍ការពារអតិថិជន”។​

       អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់កម្ចី។ គិតត្រឹម​​ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបជាង ២.៣០០នាក់ អតិថិជនសរុបជាង៥២ម៉ឺននាក់ ជាមួយនឹង​ផលប័ត្រប្រាក់កម្ចីជាង ១៤៩លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅ​ទូទាំង​ប្រទេស និង មានភ្នាក់ងារជាង២.៥០០កន្លែង។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូនអតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវាបើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។​

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200