កម្មវិធីជួបជុំមហាគ្រួសារ អេ អឹម ខេ ២០១៦
2016-Dec-27 17:14 [Viewed : 1401]

 

      ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី មានកិត្តិយសសូមជម្រាបជូនសារធារណជន ជាពិសេស អ្នកសារព័ត៌​មាន​ជាតិ អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា អេ អឹម ខេ នឹងរៀបចំកម្មវិធីជួបជុំមហាគ្រួសារ អេ អឹម ខេ ឆ្នាំ ២០១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

       កម្មវិធីជួបជុំមហាគ្រួសារ អេ អឹម ខេ នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៣សំខាន់ៗ គឺ (១) បង្ហាញអំពីសមិទ្ធិ ផល​សំខាន់ៗ​ដែល អេ អឹម ខេ សម្រេចបានក្នុងឆ្នាំ ២០១៦ និងទិសដៅសម្រាប់ឆ្នាំ២០១៧ (២) ថ្លែងអំណរគុណដល់ បុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបាន​ប្រឹងប្រែងបំពេញការងារយ៉ាងសកម្មជួយឲ្យ អេ អឹម ខេ ទទួលបានជោគជ័យទៅតាម ផែនការអាជីវកម្មក្នុងឆ្នាំ២០១៦កន្លងមក (៣) ផ្តល់ឱកាសដល់បុគ្គលិកទាំងអស់បានជួបសំណេះសំណាល ផ្លាស់ប្តូរ បទពិសោធន៍ និងរឹតចំ ណងមិត្តភាពគ្នាទៅវិញទៅមក។

      ក្រៅពីការផ្តល់សេវាមីក្រូហិរញ្ញ​​វត្ថុសម​​ស្រប និងឋិតថេរ ជូនប្រជាជនក្រីក្រភាគច្រើន ដើម្បី​​ធ្វើឲ្យ​ជីវភាពរស់នៅរបស់ ពួកគេមានភាពប្រសើរ​ឡើង ។ អេ​ អឹម ខេ តែងតែបង្កើតបរិយាកាសសប្បាយរីករាយដល់បុគ្គលិករបស់ខ្លួនដូចជា៖ ការលេងកីឡា ការចូលរួមក្នុងសកម្មភាព​ការងារ​សង្គម​នានា ដើម្បីផ្តល់ឱកាសឲ្យពួកគាត់អាចចូលរួម និងមានទំនាក់ ទំនងគ្នាកាន់តែជិតស្និត ជាពិសេសការចែករំលែកចំណេះដឹង បទពិសោធន៍គ្នាទៅវិញទៅមក។

       លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានមានប្រសាសន៍ថា “ចាប់ពីទទួលបានអាជ្ញាប័ណ្ណពី ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០៤មក អេ​ អឹ​ម ខេ មានការរីកចម្រើនឥតឈប់ឈរទាំងវិសាលភាពប្រតិបត្តិការ ទំហំផលបត្រឥណទាន ចំនួនអតិថិជន ជាពិសេស​ចំនួនបុគ្គលិកបានកើនឡើងគួឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ ការរីកចម្រើននេះ គឺដោយសារតែបុគ្គលិក អេ អឹម ខេ មានការតាំងចិត្តខ្ពស់ និងបានចូលរួមយ៉ាង សកម្មគ្រប់សកម្មភាព”។ លោកប្រធាននាយកប្រតិបត្តិ បានឲ្យដឹងដែរថា គ្រឹះស្ថាន ឬស្ថាប័ន​មួយមានយុទ្ធសាស្រ្តផែន ការល្អឥតខ្ចោះ ប៉ុន្តែខ្វះការចូលរួម និងការតាំងចិត្តពីសំណាក់បុគ្គលិកគ្រប់ជាន់ថ្នាក់ គ្រឹះស្ថាន ឬស្ថាប័ននោះមិន​មាន​ការរីកចម្រើន និងមិនអាចសម្រេចគោលដៅបានទេ។ ដូច្នេះការជួបជុំបុគ្គលិកនៅពេលនេះគឺមានសារៈសំខាន់ខ្លាំង ណាស់​ក្នុងការ​ចូល​រួម​ផ្តល់មតិយោបល់ដើម្បីធ្វើឲ្យ អេ​ អឹម ខេ សម្រេចគោលដៅបាននៅឆ្នាំបន្ទាប់។  

       លោកប្រធាននាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកទាំងអស់ ដែលបានបំពេញ កាតព្វកិច្ចបានយ៉ាងល្អ​ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ដោយមិនគិតពីពេលវេលា និងកំលាំងកាយចិត្តក្នុងរយៈពេល ពេញ១ឆ្នាំមកនេះ ដែលបានជួយឲ្យ អេ អឹម ខេ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកបានលើកឡើងទៀតថា “អេ អឹម ខេ មានគោលដៅសំខាន់ៗពីរ ដែលត្រូវសម្រេច​ឲ្យ​បាន គឺផ្នែកហិរញ្ញវត្ថុ និងសង្គម។ ដូចនេះយើងត្រូវប្រាកដក្នុង ចិត្តថា រាល់ប្រាក់កម្ចីដែលបានផ្តល់ឲ្យអតិថិជនរបស់យើង គឺពួកគាត់ប្រើ​ប្រាស់​ចំគោលដៅ ដែលអាចជួយធ្វើឲ្យជីវភាព របស់គាត់មានការរីកចម្រើនជាងមុន”។

       នៅក្នុងឱកាសដ៏មហោឡារិកនេះ ក៏មានការរៀបចំកម្មវិធីពិសេសៗមួយចំនួនដូចជា៖ ការប្រគល់ពានរង្វាន់ជូន​សាខា​ឆ្នើម​ដែលផ្តល់​សេវាអតិថិជនល្អប្រចាំឆ្នាំ២០១៦ ការប្រគល់លិខិតសរសើរដល់បុគ្គលិកដែលបានបម្រើការងារ ជាមួយ អេ អឹម ខេ រយៈពេល១០ឆ្នាំ ការប្រគល់រង្វាន់ដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំ ការប្រគល់ពានរង្វាន់ការប្រកួតបាល់ទាត់ ប្រចាំឆ្នាំ២០១៦ ការប្រគល់ពានរង្វាន់ផ្សេងៗទៀត និងជាពិសេសក៏មានការចាប់រង្វាន់ផ្តល់សំណាងដល់បុគ្គលិកដែល បានចូលរួមទាំងអស់ផងដែរ។

       អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន​ប្រាក់ កម្ចី។ គិតត្រឹម​​ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ អេ អឹម​ ខេ មានបុគ្គលិកសរុបជាង ២.៣០០នាក់ អតិថិជនសរុបជាង៥២ម៉ឺន នាក់ ជាមួយនឹង​ផលប័ត្រប្រាក់កម្ចីជាង ១៤៩លានដុល្លារអាមេរិក ការិយាល័យប្រតិបត្តិការចំនួន ១៥១ កន្លែងនៅ​ទូទាំង​ប្រទេស និង មានភ្នាក់ងារជាង២.៥០០កន្លែង។ អេ អឹម ខេ មានផលិតផល និង សេវាកម្មជាច្រើន កំពុង​ផ្តល់ជូន អតិថិជន ដូចជា សេវាប្រាក់កម្ចី ប្រាក់សន្សំ ផ្ទេរប្រាក់ សេវាទូទាត់វិក្កយបត្រ ធានារ៉ាប់រងខ្នាតតូច ធនាគារចល័ត សេវា បើក​ប្រាក់​បៀវត្សរ៍ ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs)។

Customer Service:
Tel: 023 220 202
Toll Free: 1800 200 200